ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃការរៀបចំពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន នៃទីស្តីការក្រសួងព័ត៌មាន។ ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើកកម្ពស់ការបើកលម្ហ សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជាផងដែរ។
គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៥នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយនាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៦លើករួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។ ដូច្នេះ នៅថ្ងៃទី០៣ ខែឧសភា ខាងមុខនេះគឺជាពិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥៕