សូមជម្រាបថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ខួបទី១៦២ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ប្រព្រឹត្តទៅក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។ សប្បុរសជនគ្រប់មជ្ឈដ្ឋានបានចូលរួមយ៉ាងសកម្មផុលផុសក្នុងការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។
ក្នុងឱកាសនោះ លោកជំទាវ លៀង យុគ ថោជេដ្ឋា បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ ដែលបានអនុញ្ញាតឱ្យក្រសួងធនធានទឹក និងឧតុនិយម និងសប្បុរសជន ព្រមទាំងវិស័យឯកជន បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម តែងតែចូលរួមបរិច្ចាគថវិកាជារៀងរាល់ឆ្នាំ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ព្រមទាំងបានចូលរួមឧបត្ថម្ភថវិកា និងសម្ភារជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាកម្មវិធីសប្បុរសជាច្រើនទៀត ក្នុងការរួមចំណែកលើកកម្ពស់ស្មារតីវប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា៕