ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីចប់កម្មវិធីផ្សព្វផ្សាយសន្និបាតបក្សនាពេលព្រឹក ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចិត្របុរី ទទួលបានគោលការណ៍ណែនាំពី ឯកឧត្តមរដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម ថន ថុល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកន្ទួត និងក្រុមការងារបានបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងជូនជាអំណោយ និងថវិកាមួយចំនួនដែលបានការជួយឧបត្ថមពីសមាគមការពារសន្តិភាព។
ឯកឧត្តមបានគូសបញ្ជាក់ ការផ្តល់ជូនអំណោយ និងថវិកាមួយចំនួននេះ គឺដើម្បីចូលរួមដោះស្រាយទុក្ខលំបាកចំពោះមុខ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីខ្យល់កន្រ្តាក់ បង្កឱ្យខូចខាតផ្ទះសម្បែងចំនួន១០គ្រួសារ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ និងគ្រួសារខ្វះខាតចំនួន១០គ្រួសារផ្សេងទៀត សរុប២០គ្រួសារ នៅឃុំកន្ទួត ស្រុកចិត្របុរី។
ក្នុងឱកាសនោះដែរឯកឧត្តម សុខ ចាន់ភក្ដី បានពាំនាំនូវអនុសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ នូវការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងសូមឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ ចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិនេះ។
រូបថត: គាំ ចាន់ដារ៉ា