ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៩ ធ្វើឡើងក្នុងគោលបំណងរំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនឹងរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីពញាក់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យមានការគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងយល់ដឹងកត្តាហានីភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជនក្នុងការរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកអោយនៅកម្រិតទាបបំផុត។
ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍លេីកឡេីងក្នុងពិធីនោះផងដែរថា៖ ចរាចរណ៍ផ្លូវគោក បានក្លាយជាវិញ្ញាសារដ៏ចម្បង ជាការព្រួយបារម្មដ៏ធំបំផុត និងជាកត្តាមួយដែលធ្វើអោយជីវិតមនុស្ស ជួបនូវការនិរាសព្រាត់ប្រាស់ពីក្រុមគ្រួសារ និងពិការភាពជាដេីម។
ដោយក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តកែប បានកើនឡើង ៣២/២៣ បើធៀបរយៈពេល ៩ខែដូចគ្នា ក្នុងឆ្នាំ២០២៣ មានការកើនឡើង ៩លើក ស្មើនិង ៣៩,១៣%។ កត្តាទាំងនេះ បណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ ខ្វះការអព្យាស្រ័យ បើកបរក្នុងស្ថានភាពស្រវឹង វ៉ាជែងដោយប្រថុយប្រថាន ខ្វះការប្រុងប្រយ័ត្ន…។ល។
ឯកឧត្តម បន្តថា៖ ដើម្បីអោយគ្រោះថ្នាក់ចរាចរណ៍ក្នុងសង្គមរបស់យើងកាត់បន្ថយមកនៅត្រឹមកម្រិតទាប ព្រមទាំងធានាបាននូវសុវត្ថិភាពខ្ពស់ ខ្ញុំសូមស្នើដល់សមត្ថកិច្ចជំនាញគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ បទបញ្ញត្តិចរាចរណ៍ផ្លូវគោក អោយមានប្រសិទ្ធភាពខ្ពស់ និងត្រូវផ្សព្វផ្សាយ អោយបានទូលំទូលាយ ដល់ក្មួយៗ សិស្សានុសិស្ស ប្រជាពលរដ្ឋគ្រប់ស្រទាប់អោយបានយល់ដឹងកាន់តែខ្ពស់អំពីវិធានការនានា និងច្បាប់ចរាចរណ៍ផ្លូវគោក៕