សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ម្ចាស់យានយន្ត ដែលមិនទាន់មានការពិនិត្យត្រូវ ឲ្យចូលឆៀកឲ្យបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ម្ចាស់យានយន្ត ដែលមិនទាន់មានការពិនិត្យត្រូវ ឲ្យចូលឆៀកឲ្យបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើឡើងថា ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។

សម្តេចបានបន្ថែមទៀតថាទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។

គួរម្លឹកផងដែរថា នាពេលថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះតទៅ៕

អត្ថបទដែលជាប់ទាក់ទង