ចោរឆក់វ័យក្មេង២នាក់ ត្រូវបានកម្លាំងល្បាតកងអង្គរក្សឃាត់ខ្លួន រួចប្រគល់ឱ្យប៉ូលិសក្រុងតាខ្មៅ

(កណ្តាល)៖ ចោរឆក់វ័យក្មេង២នាក់ ត្រូវបានកម្លាំងល្បាតកងអង្គរក្សឃាត់ខ្លួន រួចប្រគល់ឱ្យប៉ូលិសក្រុងតាខ្មៅ នាថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០នេះ ម៉ោង០៣និង៣០នាទីទៀបភ្លឺ បន្ទាប់ពីបានធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះ កំពុងជិះម៉ូតូទៅលក់ត្រីនៅផ្សារ ដែលករណីនេះ បានកើតឡើងនៅចំណុចតាមផ្លូវ ជាតិលេខ២១ មុខផ្ទះសំណាក់ភ្នំមាស ភូមិសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមាន ៣នាក់រួមមាន៖ ១. ឪពុក បានរងរបួសបែកក្បាល, ២. ម្តាយរងរបួស និង៣.កូនស្រីអាយុប្រហែលជាង១០ឆ្នាំ សន្លប់បាត់ស្មារតី។

ចំណែកជនសង្ស័យទាំង២នាក់ ដែលត្រូវបានឃាត់ខ្លួនមាន៖ ១. ឈ្មោះ មឿន រដ្ឋា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និង២. ឈ្មោះ ពិសិដ្ឋ វឌ្ឍនៈ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

នគរបាលខាងលើ បានបន្ថែមទៀតថា វត្ថុតាងដែលចាប់យកបានមាន៖ ១.ម៉ូតូ១គ្រឿងម៉ាកHonda c125 ពណ៌ស ស៊េរី២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ១GM ៦២២៩​ ជារបស់ជនសង្ស័យ, ២.កាបូបដាក់លុយពណ៍ខ្មៅចំនួន២ ជារបស់ជនសង្ស័យ,៣.ទូរស័ព្ទចំនួន១គ្រឿង iphone ៨ plus ពណ៌ស ជារបស់ជនសង្ស័យ, ៤.លុយដុល្លាចំនួន៦ដុល្លារ, ៥.លុយខ្មែរចំនួន៧២៨០០ម៉ឺនរៀល និងដុំថ្មចំនួន២ដុំ។

យោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនស្រីបាននាំគ្នាជិះម៉ូតូដឹកត្រីទៅលក់នៅផ្សារ ដោយឪពុកជាអ្នកបើកម៉ូតូ ចំណែកម្តាយនិងកូនស្រី អង្គុយខាងក្រោយលើកេសដាក់ឡាំងត្រី។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូ មកធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះខាងលើ បណ្តាយឱ្យអ្នកទាំង៣ ដួលលើថ្នល់ រងរបួសទាំងអស់គ្នា។

ក្រោយពេលកើតហេតុ ជួនពេលនោះក៏ជួបកម្លាំងល្បាតរបស់បញ្ជាការដ្ឋានអង្គរក្ស បានជិះដេញតាម តែត្រូវជនសង្ស័យយកដុំថ្មគប់ទៅលើកម្លាំងអង្គរក្សបណ្តាយចំកខាងឆ្វេងបណ្តាលឱ្យរងរបួសស្រាល។

ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបងប្អូនដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបាត់ទៅ រួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍តាខ្មៅ បានចុះទៅឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងយកមកចាត់ការតាមនីតិវិធីតែម្តង។

យោងតាមចម្លើយសារភាពជនសង្ស័យបានឆ្លើយថា «ធ្លាប់បានធ្វើសកម្មភាពឆក់កាបូបគេបានសម្រេចចំនួន២ដង គឺលើកទី១នៅគល់ស្ពានព្រែកសំរោងកាលពី៣ខែមុនបានទូរស័ព្ទ១គ្រឿង និងលើកចុងក្រោយដូចករណីរៀបរាប់ខាងលើមិនបានសម្រេច ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនពួកខ្ញុំបានពិតប្រាកដមែន»៕

អត្ថបទដែលជាប់ទាក់ទង