ក្រោមការយកចិត្តទុកដាក់ដោះស្រាយប្រកបដោយគតិបណ្ឌិត និង ព្រហ្មវិហារធម៍ដ៏មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន គឺលោកថម ត្រូវបានទទួលយុត្តិធម៍ពិតប្រាកដមែន

តាមការឱ្យដឹងពីឯកឧត្ដម ដួង តារា បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់យុត្តិធម៍ដល់ជនជាតិអាមេរិកាំង O’BRIEN GEORGE ALLEN (ថម) ហើយនៅយប់ថ្ងៃទី ២៩ មេសា កន្លងទៅនេះ។

សូមទៅអានសារលម្អិតរបស់ឯកឧត្ដម ដួង តារា ដូចតទៅ ៖

«កាលពីម៉ោង ៧០០ យប់មិញ ខ្ញុំបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពតជាមួយ ថម ។ ក្រោមការយកចិត្តទុកដាក់ដោះស្រាយប្រកបដោយគតិបណ្ឌិត និង ព្រហ្មវិហារធម៍ដ៏មហាធំធេងរបស់ សម្តេចតេជោ ហ៊ុន សែន គឺលោកថម ត្រូវបានទទួលយុត្តិធម៍ពិតប្រាកដនៅយប់នេះ ។ ដីធ្លីដែលបាត់បង់ទាំងអស់ដោយសារប្អូនធម៍ដែលជាជនជាតិខ្មែរ គឺគាត់បានទទួលត្រឡប់មកវិញ ដោយភាគីម្ខាងទៀតបានទទួលស្គាល់កំហុសខ្លួន ហើយសុខចិត្តប្រគល់ដីជូន លោក ថម វិញទាំងអស់ ដោយបានសុំទោសចំពោះកំហុសឆ្គងរបស់ខ្លូន និង បានសុំលោក ថមរាប់អានគ្នាតទៅមុខទៀត​ ដែលនេះគឺជាដំណោះស្រាយឈ្នះ-ឈ្នះ» ។

«ខ្ញុំពិតជារំភើបចិត្តក្រៃលែងចំពោះការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហារធម៍ និ ងក្តីសណ្តោសដ៏ធំធេងបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានជួយដោះស្រាយដោយផ្ទាល់និងលឿនបំផុតចំពោះករណី លោកថម (កាលពីថ្ងៃសុក្រទី២៤ -៣០ មេសា) ដែលបានទទួលលទ្ឋផលគួរអោយពេញចិត្តខ្លាំងបំផុត» ។

«លោកថម ពេលនេះមានស្នាមញញឹមឡើងវិញហើយ គាត់សប្បាយចិត្តខ្លាំងណាស់ ហើយគាត់គ្រវីក្បាលតតាត់ និងបើកភ្នែកធំៗ ជាច្រើនលើកច្រើនសារ ហើយលាន់មាត់ថា តើពិតមែនឬ? គឺមិនគួរឱ្យជឿសោះថាពិតជាមានយុត្តិធម៍សម្រាប់រូបលោកដែលជាជនបរទេសម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជា ហើយមានរឿងដ៏សោកសៅបំផុតនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ»!

«លោកថម បានគោរពកោតសរសើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់យុត្តិធម៍ជូនរូបលោក ហើយលោកនឹងចងចាំអំពើល្អរបស់កម្ពុជាជារៀងរហូត ។ ពេលនេះ លោកថម និងខ្ញុំកំពុងស្នាក់នៅកំពតមួយយប់» ។

«សូមអរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមជួយដោះស្រាយក្នុងរឿងនេះ​ និង អរគុណបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់ ដែលបានចូលរួមអាណិតអាសូរដល់ថមក្នុងរឿងនេះ។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នាកុំបីខាន» ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង!

 

 

អត្ថបទដែលជាប់ទាក់ទង