អាហារ​បំប៉នទាំង​១០មុខ ជួយ​ទប់​ស្កាត់​ភាព​ចាស់​និង​ស្នាម​ជ្រីវជ្រួញ នារី​ៗគួរ​ទទួល​ទាន!

ជា​ការ​ពិត​ គ្មាន​នរណា​ម្នាក់​ចង់​ចាស់​ទៅ​តាម​អាយុ​នោះ​ទេ ជាពិសេស​សម្រាប់​នារី​ភេទ។ សម្ផស្ស​គឺ​ជា​រឿង​សំខាន់​សម្រាប់​មនុស្ស​ស្រី​។ ម្នាក់ៗ​តែង​​ប្រាថ្នា​ចង់​បាន​នូវ​​រូប​សម្រស់​ស្រស់​ស្អាត និង​ ក្មេង​ជាង​វ័យ ដែល​ជា​កត្តា​ជម្រុញ​ឲ្យ​ពួក​គេ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ក៏​ដូចជា​ពោរពេញ​ដោយ​ទំនុក​ចិត្ត​ផង​ដែរ។ ដូចេ្នះ ​សុំ​ចែក​រំលែក​នូវ​អាហារ ​១០មុខ​ ដែល​នារី​គួរ​មាន​ក្នុង​របរ​អាហារ​ប្រចាំ​ថ្ងៃ​ ដើម្បី​រក្សា​ភាព​ក្មេង​ជាង​វ័យ៖

១. ផ្លែ​បឺរ៖ មិន​ត្រឹម​តែ​ឆ្ងាញ់​ ផ្លែ​បឺរ​ជា​ប្រភេទ​ផ្លែ​ឈើ​ ដែល​មាន​តួនាទី​​ជួយ​រក្សា​ស្បែក​មុខ និង ដង​ខ្លួន​ឲ្យ​តឹង​ណែន​ ការពារ​ស្នាម​ជ្រីវជ្រួញ ព្រម​ទាំង​ជួយ​រាង​កាយ​នៅ​រឹងមាំ និង​ សុខភាព​ល្អ​ទៀត​ផង។

២. គ្រាប់​វាល់ណឺត (Walnuts)៖ គ្រាប់​វាល់​ណឺត ជា​ប្រភេទ​អាហារ​សម្រន់​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន និង​ អូម៉េហ្គា ៣ ដែល​ជំនួយ​ដល់​សុខភាព និង ស្បែក។ អ្នក​អាច​ញ៉ាំ​គ្រាប់​វាល់ណឺត​ ១ ថ្ងៃ​១ ក្ដាប់ ដើម្បី​ឃើញ​ពី​ប្រសិទ្ធភាព​របស់​វា។ ​

៣. បន្លែ​៖ ថ្វី​ដ្បិត​តែ គុណប្រយោជន៍​របស់​វា​មិន​ផ្ដោត​ទៅ​លើ​ភាព​ជ្រីវ​ជ្រួញ​តែ​១មុខ តែ​វា​ជា​ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​ និង សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម សម្រាប់​រាង​កាយ​ទាំង​មូល​តែ​ម្តង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​មាំមួន និង រស់​នៅ​បាន​យូរ​អង្វែង​ទៀត​ផង។​​

៤. ទឹក៖ រាងកាយ​របស់​យើង​ម្នាក់ៗ​ត្រូវ​ការ​ជាតិ​ទឹក​ដើម្បី​ប្រឆាំង​ទៅ​នឹង​ភាព​ចាស់ និង​ការ​ចុះ​អន់​ខ្សោយ​។ ទឹក​មាន​តួនាទី​ជួយ​បណ្ដេញ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ ផ្ដល់​សំណើម​ដល់​រាង​កាយ​និង​ស្បែក និង ជួយ​ការពារ​ភាព​ស្ងួត​នៃ​ស្បែក​ដែល​ងាយ​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ។​

៥. សូកូឡា៖ សូកូឡា​មាន​សារធាតុ​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​រាងកាយ ព្រម​ទាំង​ជួយ​ដល់​សុខភាព​បេះដូង​ឲ្យ​មាន​ដំណើរ​ការ​ល្អ​ និង ​រឹង​មាំ​។

៦. ​ផ្លៃ​បឺរី៖ ប្រភេទ​​ផ្លែបឺរី​ ដែល​រួម​មាន​ ស្រ្តូបឺរី ប្លូ​បឺរី​ ប្លេក​បឺរី​ ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន គ្មាន​ជាតិ​ផ្អែម​ខ្លាំង និង មាន​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម​ជំនួយ​ដល់​សុខភាព​រាង​កាយ​ទាំង​មូល​។ ​

៧. ស្រា​ក្រហម៖ យោង​តាម​ការ​ស្រាវ​ជ្រាវ ការ​ពិសារ​ស្រា​ក្រហម​ជា​ប្រចាំ ពី​១កែវ​ទៅ ២កែវ​អាច​ជួយ​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព ដែល​ក្នុង​នោះ​រួម​មាន​ទប់​ស្កាត់​នូវ​ភាព​ចាស់​ជាង​វ័យ​ដែល​អាច​​បង្ក​ជា​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ស្បែក​ និង​ដង​ខ្លួន​ផង​ដែរ។ ​​

៨. តែ​បៃ​តង៖ តែ​បៃតង​ជា​ប្រភេទ​តែ​តាំង​ពី​សម័យ​បុរាណ​ដែល​មាន​តួនាទី​បំប៉ន​ផ្នែក​សុខភាព និង​ អាយុ​កាល​នៃ​រាង​កាយ​។ ការ​ផឹក​តែ​ជា​បៃតង​ជា​ប្រចាំ​ត្រូវ​បាន​គេ​ជឿ​ថា​មាន​អត្ថប្រយោជន៍​ច្រើន ថែម​ទាំង​ជាពិសេស​​ជួយ​ឲ្យ​អ្នក​រស់​នៅ​បាន​យូរ​អង្វែង​ទៀត​ផង។

៩. ផ្លែ​ត្រសក់​ស្រូវ ឬ ផ្លែឪឡឹក៖ ផ្លែ​ត្រសក់​ស្រូវ​ មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ វា​ថែម​ទាំង​ជា​ប្រភព​នៃ​វីតាមីន​ជា​ច្រើន​ប្រភេទ​ ដែល​ជួយ​បង្អង់​​ភាព​ចាស់​ផង​ដែរ។ គួរ​បញ្ជាក់​ថា ឪឡឹក​ក៏​ផ្ដល់​នូវ​អត្ថប្រយោជន៍ ស្រដៀង​ទៅ​នឹង​ផ្លែ​ត្រសក់​ស្រូវ​ដែរ ខុស​ត្រង់​រសជាតិ​ប៉ុណ្ណោះ។ ដូចេ្នះ​អ្នក​អាច​ជ្រើសរើស​មួយ​មុខ​ណា​ក្នុង​របប​អាហារ​អ្នក​ក៏​បាន តាម​ចំណង់ចំណូល​ចិត្ត។

១០. ​គ្រាប់​សណ្ដែក៖ គ្រាប់​សណ្ដែក​ជា​ប្រភេទ​អាហារ​សម្រន់​បំប៉ន​ដែល​គ្មាន​ជាតិ​ខ្លាញ់ ហើយ ផ្ដល់​នូវ​ជាតិ​ប្រូតេអ៊ីន និង សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដល់​រាងកាយ​។ គ្រាប់​សណ្ដែក​ជួយ​ទប់​ស្កាត់​ភាព​ចាស់ និង ជំនួយ​ដល់​សុខភាព​ទូទៅ ហើយ​អ្នក​បន្ថែម​វា​ក្នុង​របរ​អាហារ​រយៈពេល​មួយ​អាទិត្យ​ម្តង​គឺ​គ្រប់​គ្រាន់​ហើយ៕ ​​​​​​

 

ប្រភព៖ verywell

អត្ថបទដែលជាប់ទាក់ទង