ដីព្រៃលិចទឹកប្រមាណជា 4 ហិកតា ដែលក្រុមជនល្មើសធ្វើការលុបឈូសឆាយ និងលើកជាភ្លឺត្រូវបានសមត្ថកិច្ចចម្រុះ​ទៅឈូសកម្ទេចចោល

(កំពង់ឆ្នាំង)៖ ដីព្រៃលិចទឹកប្រមាណជា 4 ហិកតា ដែលក្រុមជនល្មើសធ្វើការលុបឈូសឆាយ និងលើកជាភ្លឺត្រូវបានសមត្ថកិច្ចចម្រុះ ដែលមានកម្លាំងកងរាជអាវុធហត្ថស្រុក កម្លាំងបរិស្ថាន បាននាំយកត្រាក់ទ័រ ទៅឈូសកម្ទេចចោល ដើម្បីត្រៀមរៀបចំដាំកូនឈើព្រៃលិចទឹកឡើងវិញនៅពីរដូវធ្លាក់ភ្លៀង។

កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៩ និង២២នាទីថ្ងៃទី២៩ ខែមេសា ២០២០ នៅចំណុចត្រពាំងថ្លុកត្រាវ ដែលស្ថិតនៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

បើយោងតាមនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក លី ឡា បានឲ្យដឹងនៅរសៀលថ្ងៃខែដដែលនោះថា កម្លាំងចម្រុះ បាននាំយកត្រាក់ទ័រទៅឈូសឆាយ ពង្រាបភ្លឺស្រែ យកមកវិញធ្វើជាសម្បត្តិរដ្ឋ ក្រោយពីក្រុមជនខិលខូច បានលួចឈូសឆាយដីព្រៃលិចទឹក យកធ្វើជាកម្មសិទ្ធិឯកជននោះ ។

លោកបានបន្តទៀតថា ដីដែលត្រូវដកហូតយកមកវិញពីក្រុមជនល្មើស មានចំនួនប្រមាណជា ៤ ហិកតា និងត្រៀមដាក់ដាំកូនឈើព្រៃលិចទឹកនៅតំបន់នោះ ឱ្យមានព្រៃឡើងវិញ ដើម្បីសម្រាប់ត្រីពងកូន និងថនិកសត្វផ្សេងៗ។

នាយខណ្ឌរដ្ឋបាលជលផល ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឈប់កាប់បំផ្លាញព្រៃលិចទឹក និងឈូសឆាយបំផ្លាញព្រៃលិចទឹកតទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង