បុរសម្នាក់គ្រាន់មានអាការៈរមាស់ជើងបន្ដិចបន្ដួចបានទៅរកទិញថ្នាំលេបបំបាត់រមាស់ ប៉ុន្ដែគ្រាន់តែលេបថ្នាំបានបន្ដិច ក៏បែកពពុះមាត់ត្រដរខ្យល់ស្លាប់ភ្លាម

(កំពង់ស្ពឺ)៖ បុរសម្នាក់គ្រាន់មានអាការៈរមាស់ជើងបន្ដិចបន្ដួចបានទៅរកទិញថ្នាំលេបបំបាត់រមាស់ ប៉ុន្ដែគ្រាន់តែលេបថ្នាំដែលគ្រូពេទ្យថ្នាក់គិលានុបដ្ឋាកនោះផ្សំឲ្យបានបន្ដិច ក៏បែកពពុះមាត់ត្រដរខ្យល់ស្លាប់ភ្លាមតែម្ដងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងបន្ទប់ថែទាំទូទៅ «គិ.មធ្យម កង ពិសិដ្ឋ» ស្ថិតនៅភូមិកក់ក្រពើ ឃុំស្នំក្រពើរ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ ។

បុរសរងគ្រោះរហូតដល់ស្លាប់ មាន ឈ្មោះ វ៉ាន់ វ៉ាន់ អាយុ៤៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។ បើយោងតាមការអះអាងពីក្រុមគ្រួសារ បញ្ជាក់ថា មុនពេលជនរងគ្រោះស្លាប់គាត់ មានសុខភាពល្អធម្មតា គ្រាន់តែមានការរមាស់ជើងបន្ដិចបន្ដួច ក៏បានឲ្យគ្រូពេទ្យផ្សំថ្នាំនៅបន្ទប់ថែទាំងខាងលើ បន្ទាប់ពីលេបថ្នាំមិនទាន់បានប៉ុន្មានផងក៏បែកពពុះមាត់ស្លាប់តែម្ដង។ នៅខណៈនេះ សមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច្ឆ័យលើសពជនរងគ្រោះ មុននឹងយកទៅធ្វើការបូជា។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ លោក កង ពិសិដ្ឋ គ្រូពេទ្យអ្នកផ្សំថ្នាំឲ្យអ្នកជំងឺលេបនេះបានប្រាប់អ្នកសារព័ត៌មានថា រឿងវាកើតឡើងបែបនេះទៅហើយគាត់ក៏មិនហ៊ានបកស្រាយអីច្រើនដែរ បើខ្ញុំនិយាយទៅវារិតតែធ្វើឲ្យមានបញ្ហាកាន់តែធំ ប៉ុន្ដែគ្រាន់ តែដឹងថាគាត់ក៏ធ្លាប់មានជំងឺផ្សេងៗដែរនិងធ្លាប់មាមប្រវត្ដិទៅព្យាបាលនៅណាខ្លះ បើក្រុមគ្រួសារសពបានគេដឹងច្បាស់ ។

លោកបន្ដថា តាមការធ្វើកោសលវិច្ច័យគេក៏មានការងឿងឆ្ងល់ដែរបើអ្នកជំងឺគ្នានរោគអីផ្សេងទេគ្រាន់តែលេបថ្នាំប៉ុណ្ណឹងវាមិនអាចដល់ស្លាប់លឿនបែបនេះឡើយ ទោះបីថ្នាំចាក់ក៏មិនអាចមានប្រតិកម្មលឿនចឹងដែរ ម្យ៉ាងទៀតលោកក៏មានប្រវត្តិបើកព្យាបាលអ្នកជំងឺទូទៅជាង១០ឆ្នាំមកហើយដែរមិនដែលជួបរឿងបែបនឹងទេ ហើយការបើកបន្ទប់ពិគ្រោះព្យាបលជំងឺទូទៅនេះសុទ្ធតែមានច្បាប់អនុញ្ញាតពីមន្ទីរ ក្រសួងសុខាភិបាលត្រឹមត្រូវនិងគ្រូពេទ្យមានសមត្ថភាពគ្រប់គ្រាន់ដែរ ។

ទោះយ៉ាងណាក្រុមគ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្ដឹងចំពោះករណីនេះតែមិនដឹងថាមានការសម្របសម្រួលគ្នាកម្រិតណានោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង