កំុធ្វេសប្រហែស! កូនប្រុសម្ចាស់ផ្ទះអាយុ ៥ ឆ្នាំម្នាក់កេះដែកកេះដុតក្រដាសលេង នៅក្នុងបន្ទប់ឡៅតឿ នៅពេលដែលឪពុកម្ដាយកំពុងដេកនៅជាន់ផ្ទាល់ដីមិនបានចាប់អារម្មណ៍

ផ្ទះល្វែងមួយកន្លែង ដែលមានលក់ និង ជួសជុលទូរស័ព្ទ ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ ដោយករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទី រសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ នៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

មូលហេតុនៃការឆាបឆេះផ្ទះនេះ ដោយសារកូនប្រុសម្ចាស់ផ្ទះអាយុ ៥ ឆ្នាំម្នាក់កេះដែកកេះដុតក្រដាសលេង នៅក្នុងបន្ទប់ឡៅតឿ នៅពេលដែលឪពុកម្ដាយកំពុងដេកនៅជាន់ផ្ទាល់ដីមិនបានចាប់អារម្មណ៍ ។

ករណីគ្រោះអគ្គិភ័យនេះ បានបង្កកាខូចខាតផ្ទះស្ទើរតែទាំងស្រុងរួមទាំងទូរស័ព្ទដៃប្រហែល ៥០០គ្រឿង ពូក១តម្លៃជាង៣០០ដុល្លារ, កាតគ្រីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១មួយគ្រឿង រួមជាមួយគ្រឿងបន្លាស់ទូរស័ព្ទជាច្រើន និង លុយកាក់ សម្ភារប្រើប្រាស់ដទៃទៀត ព្រមទាំងសម្លៀកបំពាក់ផងត្រូវភ្លើងឆេះអស់ ។

ម្ចាស់ផ្ទះមានឈ្មោះ ព្រំ​ ចន្ថា​ ភេទប្រុសអាយុ ៤៥ ឆ្នាំ​ មុខរបរលក់ និង ជួសជុលទូរស័ព្ទ បាននិយាយថា នៅមុនពេលកើតហេតុកូនប្រុសគាត់ម្នាក់ឈ្មោះព្រំ សុខហេង អាយុ៥ឆ្នាំបានឡើងទៅលេងនៅលើឡៅតឿ ។ ចំណែកគាត់ និង ប្រពន្ធបានដេកនៅជាន់ផ្ទាល់ដី នៅមុនពេលកើតហេតុកូនប្រុសរបស់កាត់ បានកេះដែកកេះដុតក្រដាសលេងបណ្ដាលឱ្យឆាបឆេះពូក និង សម្ភារប្រើប្រាស់ផ្សេងៗទៀត នៅក្នុងបន្ទប់ឡៅតឿ ហើយឆេះរាលពេញក្នុងផ្ទះយ៉ាងឆាប់រហ័សតែម្ដង ឃើញបែបនោះ កូនប្រុសគាត់ក៏បានរត់ចុះក្រោមទើបមិនបណ្ដាលឱ្យមានគ្រោះថ្នាក់កើតឡើងដល់ជីវិត ឬ របួសដោយសារតែរលាកភ្លើងឡើយ ។

សមត្ថកិច្ចបានឱ្យដឹងថា នៅពេលមានអគ្គីភ័យកើតឡើង កម្លាំងនគរបាលប៉ុស្តិ៍ និង ខណ្ឌកំបូលបានចេញអន្តរាគមន៍ ហើយក៏មានរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចេញទៅបាញ់ពន្លត់រហូតដល់រលត់ទៅវិញទាំងស្រុង ដោយមិនបានរាលដាលដល់ផ្ទះដទៃទៀតឡើយព្រោះផ្ទះមួយនេះ ស្ថិតនៅដាច់ឆ្ងាយពីគេ ៕

អត្ថបទដែលជាប់ទាក់ទង