មនុស្សប្រុសស្រី 4 នាក់បានវង្វេងក្នុងព្រៃនៅក្នុងរមណីយដ្ឋានថ្មក្រាលត្រូវបានសមត្ថកិច្ច ក្រុមគ្រួសារសាច់ញាតិរកឃើញវិញហើយ!

(កំពង់ឆ្នាំង)៖ មនុស្សប្រុសស្រី 4 នាក់បានវង្វេងក្នុងព្រៃនៅក្នុងរមណីយដ្ឋានថ្មក្រាលត្រូវបានសមត្ថកិច្ច ក្រុមគ្រួសារសាច់ញាតិរកឃើញវិញហើយ ដែលហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតឡើងនៅចំណុចរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

បើយោងតាមសមត្ថកិច្ច និងអាជ្ញាធរនៅទីនោះ បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុមានមនុស្សប្រុសស្រី 4 នាក់៖ ទី១. ឈ្មោះ លាស់ ភាស់ត្រា ភេទប្រុសអាយុ ២៥ឆ្នាំ, ទី.២ ឈ្មោះ ប៉េ ប៊ុនសំណាង ភេទប្រុសអាយុ ២៣ឆ្នាំ, ទី៣. ឈ្មោះ ប៉េ ប៊ុនលាភ ភេទស្រីអាយុ១២ឆ្នាំ និងទី៤ ឈ្មោះ ឡេង គឹមខេង ភេទប្រុស អាយុ១១ឆ្នាំ បាននាំគ្នាឡើងទៅលេងផ្នែកខាងលើនៃរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល នៅម៉ោង ជាង4ល្ងាចថ្ងៃទី២៦ ខែមេសាឆ្នាំ ២០២០ ដោយទុកលោកយាយពីរនាក់ នៅចាំខាងក្រោម លុះដល់ម៉ោងប្រមាណជាង ៦យប់ទៅហើយ នៅតែមិនឃើញនាក់ទាំង៤ត្រឡប់មកវិញ លោកយាយ ក៏ដើរទៅសួរគេឯងជិតៗនោះ ទើបបង្កឲ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងតំបន់នោះតែម្ដង។

ក្រោយពីដឹងហេតុការណ៍នោះភ្លាម កម្លាំងប្រជាការពារសហគមន៍នៅតំបន់នោះ បានប្រកាសតាមរយៈមេក្រូ នៅតែមិនទទួលបានដំណឹងឆ្លើយតបមកវិញ ដោយមានការចាប់អារម្មណ៍ថាទីតាំងនោះ មានបារមីខ្លាចក្រែងខុសមាត់ខុស ក ជាមួយនឹងបារមីអ្នកតាភ្នំ ចាស់ទុំនៅតំបន់នោះក៏បានទៅរកគ្រូហោ មកបញ្ជាន់រូប ដើម្បីចង់ដឹងថាមនុស្សប្រុសស្រី ៤នាក់នោះនៅទីណា។

ក្រោយពីប្រជាន់រូបរួចគ្រូ បានបញ្ជាក់ថាមនុស្សប្រុសស្រី៤ នាក់នោះគឺបានខុសមាត់ជាមួយនឹងអ្នកតាភ្នំ ដែលមានបារមី តែត្រូវបានចាស់ទុំនៅស្រុកនោះអង្វរករ នឹងសន្យាថានៅថ្ងៃ 9កើត ខាងមុខនេះនិងសែនព្រេនដាក់ឱ្យ ។

ពេលនោះ អាជ្ញាធររួមនឹងងកម្លាំងប្រជាការពារ កម្លាំងសហគមន៍ កម្លាំងសមត្ថកិច្ច និងកំម្លាំងបរិស្ថាន ក៍បានរួមសហការគ្នាចែកជា ៣ទៅ ៤ ក្រុមដើម្បីដើររុករក លុះដល់ម៉ោង ១១ យប់ថ្ងៃដដែល ក៏បានប្រទះឃើញមនុស្សប្រុសស្រីចំនួន ៤ នាក់នៅកណ្ដាលព្រៃដ៍ជ្រៅ ស្ងាត់ជ្រងំ តែនិយាយស្តីហាក់ដូចជារវើរវាយខុសប្រក្រតី ។

សូមបញ្ជាក់ថា ការវង្វេងនៅក្នុងព្រៃនេះមិនមែនទើបនឹងកើតមានម្តងនេះទេ កន្លងមកក៍ធ្លាប់មានបុរសម្នាក់វង្វេងនៅក្នុង ព្រៃតំបន់នេះ ជាច្រើនថ្ងៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង