ប្រទេស​អ៊ីរ៉ង់ មាន​គម្រោង​បើក​វិហារ​អ៊ីស្លាម​ឡើង​វិញ ក្នុង​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​ខ្លួន ដែល​លែង​មាន​ការ​ឆ្លង​វីរុស​កូវីដ១៩​ត​ទៅ​ទៀត!

ប្រទេស​អ៊ីរ៉ង់ មាន​គម្រោង​បើក​វិហារ​អ៊ីស្លាម​ឡើង​វិញ ក្នុង​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​ខ្លួន ដែល​លែង​មាន​ការ​ឆ្លង​វីរុស​កូវីដ១៩​ត​ទៅ​ទៀត ខណៈ​ការ​រឹត​ត្បិត​លើ​ប្រជាជន​ខ្លួន ត្រូវ​បាន​បន្ធូរបន្ថយ​ជា​បណ្ដើរៗ នេះ​បើ​តាម​លោក​ប្រធានាធិបតី Hassan Rouhani ថ្លែង​ប្រាប់ កាល​ពី​ថ្ងៃ​អាទិត្យ ទី២៦ ខែ​មេសា​កន្លង​ទៅ​នេះ ។

តាម​រយៈ​វិបសាយ​ផ្លូវ​ការ​របស់​លោក​ប្រធានាធិបតី​រូប​នេះ បាន​បញ្ជាក់​ថា អ៊ីរ៉ង់ ​ជា​ប្រទេស​មួយ​ក្នុង​បណ្ដា​ប្រទេស​មជ្ឈិមបូព៌ា ដែល​រង​ការ​រាតត្បាត​ពី​វីរុស​នេះ​ធ្ងន់ធ្ងរ​ជាង​គេ​នោះ នឹង​ត្រូវ​បែង​ចែក​តំបន់​របស់​ខ្លួន ទៅ​ជា​តំបន់​ពណ៌ ស លឿង និង​ក្រហម ទៅ​តាម​ចំនួន​អ្នក​ឆ្លង និង​អ្នក​ស្លាប់ ។

សកម្មភាព​ក្នុង​តំបន់​នីមួយៗ នឹង​ត្រូវ​បាន​រឹត​បន្តឹង តាម​កូដ​ពណ៌​ទាំង​នោះ ដូច្នេះ តំបន់​ណា​ដែល​គ្មាន​ការ​ឆ្លង​រាលដាល ឬ​ស្លាប់​ទាល់​តែ​សោះ នឹង​ត្រូវ​ហៅ​ថា តំបន់​ពណ៌​ស ហើយ​វិហារ​អ៊ីស្លាម អាច​នឹង​បើក​ដំណើរការ​ឡើង​វិញ ។

លោក​ប្រធានាធិបតី Rouhani បាន​បន្ថែម​ទៀត​ថា ការ​កំណត់​ស្លាក​សម្គាល់ ដែល​ដាក់​ទៅ​កាន់​តំបន់ ក្នុង​សាធារណរដ្ឋ​អ៊ីស្លាម​នេះ អាច​នឹង​មាន​ការ​ផ្លាស់​ប្ដូរ ហើយ​លោក​ក៏​មិន​បាន​បញ្ជាក់​លម្អិត​ដែរ​ថា នៅ​ពេល​ណា​កម្មវិធី​កូដ​ពណ៌​ទាំង​នេះ នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​នោះ ។

គួរ​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ ប្រទេស​អ៊ីរ៉ង់ មាន​ចំនួន​អ្នក​ឆ្លង​កូវីដ១៩​សរុប​ចំនួន ៩០ ៤៨១ករណី ខណៈ​មនុស្ស​ចំនួន ៥ ៧១០នាក់​បាន​ស្លាប់​ដោយសារ​វីរុស​នេះ ៕

ប្រភព៖ CNA

អត្ថបទដែលជាប់ទាក់ទង