តារាចម្រៀងជើងចាស់លោក សួស សងវាចា ដែលធ្លាប់បំពេចំណីអារម្មណ៍ទស្សនិកជន បច្ចុប្បន្នតារារូបនេះបានធ្លាក់ខ្លួនឈឺរហូតដល់ប្រើឈើច្រត់ជាជំនួយ

តារាចម្រៀងជើងចាស់លោក សួស សងវាចា ដែលធ្លាប់បំពេចំណីអារម្មណ៍ទស្សនិកជនតាមរយៈបទចម្រៀងដ៏ពីរោះ រណ្ដំ «វាលស្រែមួយរយ» បទ «បុប្ផាកោះញែក» និង បទ «កំពូលភ្នំស្រួច» ជាដើម បានចម្រើនវ័យកាន់តែចាស់ទ្រុឌទ្រោម ចំណែកសុខភាពក៏ហាក់ចុះខ្សោយគ្មានកម្លាំងគំហែងមាំមួនដូចកាលពីមុនទៀតដែរ ។ធម្មតាឆាកជីវិតមនុស្សគ្មាននរណាម្នាក់នៅនឹងថ្កល់រហូតនោះទេ តែងមានឡើងមានចុះ មានថ្ងៃហេង មានថ្ងៃធ្លាក់ខ្លួន ។ ជាក់ស្ដែងបច្ចុប្បន្នតារាចម្រៀងជើងចាស់ខាងលើបានធ្លាក់ខ្លួនឈឺរហូតដល់ប្រើឈើច្រត់ជាជំនួយ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិននឹកស្មានថា គ្រាន់តែបាត់មុខពីវិស័យសិល្បៈមួយរយៈ លោកធ្លាក់ខ្លួនចាស់ទ្រុឌទ្រោមបែបនេះសោះ ។

លោក សួស សងវាចា បានទម្លាយរូបថតអង្គុយស្រងេះស្រងោចហាក់ដូចជាអស់សង្ឃឹមខ្លាំង ព្រមជាមួយពាក្យសម្ដីចាក់ដោតប៉ុន្មានឃ្លាស្ដែងពីការរាប់អានមិត្តក្នុងសង្គមបច្ចុប្បន្ន ។ តារាចម្រៀងជើងចាស់រូបនេះបានរៀបរាប់ថា «ដៃកាន់ឈើច្រត់ខំសង្កត់ចិត្ត ពេលនេះស្គាល់មិត្តពិតហើយរូបខ្ញុំ មិត្តខ្លះរាប់អានពេលយើងសុខុម មិត្តដ៏ឧត្តមខ្ញុំស្គាល់ពេលនេះ»

សារបង្ហាញអត្ថន័យចាក់ដោតរបស់លោក បានធ្វើឱ្យមហាជនផ្ទុះការចែករំលែកតៗគ្នា ព្រោះនេះជាមេរៀនជីវិតមួយដែលបានឆ្លុះបញ្ចាំងពីភាពពិតនៅក្នុងសង្គមមនុស្សបច្ចុប្បន្ន នៅពេលយើងមានទុក្ខគ្មានអ្នកណារាប់រកនោះទេ តែទន្ទឹមនឹងនោះ យើងក៏អាចមើលឃើញថា អ្នកណាជាមិត្តពិត អ្នកណាជាមិត្តក្លែងក្លាយ ៕

 

អត្ថបទដែលជាប់ទាក់ទង