មានជនខិលខូចយកឈ្មោះលោកស្រី «ឱ វណ្ណឌីន» ជាលេសសុំជំនួយពីសប្បុរសជន

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន CS News ប្រកាសជាសាធារណថា បច្ចុប្បន្ននេះ មានជនខិលខូច និងឱកាសនិយមមួយចំនួន បានយកឈ្មោះរបស់លោកស្រីទៅប្រើជាលេស ដើម្បីសុំជំនួយបម្រើក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ពីសប្បុរសជន។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា លោកស្រីមិនបានឱ្យជនណាម្នាក់ទៅដើរសុំជំនួយ មកបម្រើដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នោះឡើយ។ លោកស្រី បានចាត់ទុកការយកឈ្មោះលោកស្រី ទៅធ្វើសកម្មភាពបែបនេះ ជាការនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់លោកស្រី។

លោកស្រីរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដែលត្រូវបានគេមើលឃើញថា មានភាពមមាញឹកខ្លាំងក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩រូបនេះ បានថ្លែងថ្កោលទោសដាច់អហង្ការ និងសុំឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់ឱ្យបានធ្ងន់ធ្ងរចំពោះជនឆបោកទាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង