ទីក្រុង Harbin ក្នុង​ប្រទេស​ចិន ត្រូវ​បាន​បិទ​តាម​តំបន់​មួយ​ចំនួន ក្រោយ​និស្សិត​ស្រី​វ័យ ២២ ឆ្នាំ​ម្នាក់ ដែល​ត្រឡប់​មក​ពី​ទីក្រុង​ញ៉ូយ៉ក បាន​ចម្លង​វីរុស​កូវីដ១៩ ទៅ​កាន់​មនុស្ស​ជាង ៧០ នាក់​ក្នុង​ក្រុង​របស់​ខ្លួន

បើ​តាម​សារព័ត៌មាន Heilongjiang Daily បាន​ឲ្យ​ដឹង​ថា ទីក្រុង Harbin ក្នុង​ប្រទេស​ចិន ត្រូវ​បាន​បិទ​តាម​តំបន់​មួយ​ចំនួន ក្រោយ​និស្សិត​ស្រី​វ័យ ២២ ឆ្នាំ​ម្នាក់ ដែល​ត្រឡប់​មក​ពី​ទីក្រុង​ញ៉ូយ៉ក បាន​ចម្លង​វីរុស​កូវីដ១៩ ទៅ​កាន់​មនុស្ស​ជាង ៧០ នាក់​ក្នុង​ក្រុង​របស់​ខ្លួន ។

ស្ត្រី​រូប​នោះ ត្រូវ​បាន​ស្គាល់​ថា​ឈ្មោះ Han បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​ចិន​វិញ​នៅ​ថ្ងៃ​ទី ១៩ ខែ​មីនា ហើយ​ស្ថិត​ក្រោម​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​​ក្នុង​ផ្ទះ​របស់​នាង ។ នាង Han បាន​តេស្ត​អវិជ្ជមាន​កូវីដ១៩ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​មីនា និង​ក្រោយ​បញ្ចប់​ការ​បង្ខាំង​ទុក​រយៈពេល ១៤ ថ្ងៃ​នោះ នាង​បាន​តេស្ត​អវិជ្ជមាន​ម្ដង​ទៀត ។

ជា​លទ្ធផល ខាង​អាជ្ញាធរ​ក៏​បាន​អនុញ្ញាត​ឲ្យ​នាង ចេញ​ដើរ​ក្រៅ​បាន​នៅ​ថ្ងៃ​ទី ០៣ ខែ​មេសា ។ ក្រោយ​មក ស្ត្រី​រូប​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ទៅ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​នាង កាល​ពី​ថ្ងៃ​ទី ០៥ ខែ​មេសា ហើយ​ថែម​ទាំង​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​សៀងហៃ និង​ស្នាក់​នៅ​ទីនោះ​រយៈពេល ៣ ថ្ងៃ​ទៀត​ផង ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នាង Han មិន​បាន​ដឹង​ខ្លួន​ថា រូប​នាង​បាន​ចម្លង​វីរុស​នេះ ទៅ​កាន់​អ្នក​ជិត​ខាង​របស់​នាង​នោះ​ឡើយ ខណៈ​អ្នក​ជិត​ខាង​ទាំង​នោះ បាន​ទៅ​ចម្លង​ទៅ​អ្នក​ដទៃ​បន្ត​ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​ពី​សារព័ត៌មាន South China Morning Post ។

ការ​ផ្ទុះ​ឡើង​នៃ​វីរុស​នេះ គឺ​កើត​មាន​ឡើង​ចំពោះ​បុរស​វ័យ ៨៧ ឆ្នាំ​ម្នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក្នុង​មន្ទីរពេទ្យ Harbin No 2 Hospital ចន្លោះ​ថ្ងៃ​ទី ០២ និង​ទី ០៦ ខែ​មេសា ហើយ​ក្រោយ​មក​លោក​បាន​ផ្លាស់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ First Hospital ដែល​ជា​សាខា​មួយ​នៃ​មន្ទីរពេទ្យ Harbin Medical University ។

បុរស​ចំណាស់​រូប​នេះ ត្រូវ​បាន​ជឿ​ថា បាន​ចម្លង​វីរុស​នេះ ទៅ​កាន់​សាច់ញាតិ​របស់​លោក និង​បុគ្គលិក​ពេទ្យ ដោយ​មួយ​ចំនួន​បាន​តេស្ត​វិជ្ជមាន​មុន​ពេល​ចេញ​រោគសញ្ញា​ទៅ​ទៀត ។ ចាប់​ពី​នោះ​មក វីរុស​នេះ បាន​រាលដាល​ឆ្លង​ទៅ​មនុស្ស​ជាង ៧០ នាក់ ។

ក្រោយ​មាន​ការ​ផ្ទុះ​វីរុស​មក ក្រុង Harbin បាន​ចេញ​វិធានការ​បិទ​ផ្នែក​មួយ​ចំនួន​នៃ​ក្រុង​ ហើយ​បើ​តាម​សារព័ត៌មាន Beijing Daily បាន​ឲ្យ​ដឹង​ថា អ្នក​ក្រៅ​ក្រុង គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​សហគមន៍​ក្នុង​ក្រុង​ឡើយ ។
សម្រាប់​ប្រជាជន​ក្នុង​តំបន់​ក្នុង​ក្រុង អនុញ្ញាត​ឲ្យ​ចេញ ចូល​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត​បាន លុះ​ត្រា​ណា​តែ​ពួកគេ​មាន​លិខិត​បញ្ជាក់​សុខភាព ថា​ពួក​គេ​គ្មាន​ផ្ទុក​វីរុស​កូវីដ១៩ ពាក់​ម៉ាស់ និង​ត្រូវ​ត្រួត​ពិនិត្យ​សុខភាព មុន​ចូល ឬ​ចេញ ៕

ប្រភព៖ WorldOfBuzz

អត្ថបទដែលជាប់ទាក់ទង