សមត្ថកិច្ចបាននាំជនសង្ស័យចំនួន២នាក់ ដែលលួចធ្វើសកម្មភាពកាប់គោប្រជាពលរដ្ឋ បញ្ជូនទៅកាន់តុលាការ

(ស្ទឹងត្រែង)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស បាននាំជនសង្ស័យចំនួន២នាក់ ដែលលួចធ្វើសកម្មភាពកាប់គោប្រជាពលរដ្ឋ បញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី ២៣ខែមេសា ម្សិលមិញនេះ។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យទាំងពីរ បានលួចកាប់គោប្រជាពលរដ្ឋ កាលពីនៅថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ ដែលស្ថិតក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បើយោងតាមលោកវីរៈសេនីយ៍ឯក ហៅ វុទ្ធី បានឲ្យដឹងថា ក្រោយពីបានដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាសទាក់ទិននឹងករណីនេះ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយប៉ុស្តិ៍នគរបាលឃុំ ចុះស្រាវជ្រាវលើករណីខាងលើនេះ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ និងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ ហើយឱ្យទៅពិនិត្យមើលទីកន្លែងដែលជនសង្ស័យបានប្រព្រឹត្ត បទល្មើសនេះផងដែរ។

លោកបន្តថា ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួន២នាក់នោះមាន៖ ១.ឈ្មោះ លេន ភេង ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កម្មករ និង២. ឈ្មោះ ហុក មាន ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ កម្មករ។ អ្នកទាំង២មានទីលំនៅបណ្តោះអាសន្ន ក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់អយ្យការសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង