ក្រសួងអប់រំនឹងចាត់ការវិធានការចំពោះគ្រូបង្រៀនណា ដែលយកលុយពីសិស្ស

មហាជនបានសំដែងនូវការអបអរសាទរជាខ្លាំង ចំពោះការចាត់វិធានការរបស់ក្រសួងអប់រំយុវជន និង កីឡាទៅលើគ្រូបង្រៀន ដែលយកលុយពីសិស្ស និង ចង់ឃើញការអនុវត្តន៍ឱ្យមានប្រសិទ្ធិភាព ។

យោងតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានប្រកាសអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវរាយការណ៍ទៅក្រសួងជាបន្ទាន់ ប្រសិនបើដឹងថា គ្រូបង្រៀនរូបណា ដែលធ្វើសកម្មភាព យកលុយពីសិស្ស ទោះក្រោមហេតុផលណាក៏ដោយ ត្រូវរាយការណ៍មកក្រសួងដើម្បីចាត់វិធាន ចំពោះគ្រូបង្រៀននោះ ។

ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទព័ត៌មានស្តីពី វឌ្ឍនភាព និង ទិសដៅការងារបន្តរបស់ក្រសួងអប់រំនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឌី ខាំបូលី បាន អះអាងថា ជាគោលការណ៍ក្រសួងអប់រំ មិនឱ្យគ្រូបង្រៀនតាមសាលានានាយកលុយកាក់ពីសិស្សទេ ។ ប៉ុន្តែលោកបានទទួលស្គាល់ថា សព្វថ្ងៃនេះ ពិតជាមានការយកលុយពីសិស្ស នៅតាមសាលាមួយចំនួនតូចពិតប្រាកដមែន ហើយក្រសួងកំពុងតែស៊ើបអង្កេត ដើម្បីចាត់វិធានការ ។

លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា បានអះអាងថា ៖ បើសិនមានព័ត៌មាន បែបហ្នឹងសូមសហការជួយផ្តល់ព័ត៌មានតាមរយៈខ្ញុំផ្ទាល់ក៏បាន តាមរយៈក្រុមអ្នកនាំពាក្យក្រសួងក៏បាន ដែលយើងមានលេខទូរស័ព្ទប្រកាសជាសាធារណៈរួចហើយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន ប្រកាសគ្រប់លេខទូរស័ព្ទអ្នកនាំពាក្យទាំងអស់នៅគ្រប់ក្រសួងស្ថាប័ន…អញ្ចឹងអាចផ្តល់ព័ត៌មាននេះមកពេលណាក៏បាន ប្រសិនបើមានករណីកើតឡើងមែន នឹងមានវិធានការជាបន្ទាន់ ចំពោះបុគ្គលមួយចំនួនតូច ដែលធ្វើសកម្មភាពយកលុយកាក់ពីសិស្ស ។

គ្រូបង្រៀនសព្វថ្ងៃមានចំនួនច្រើនណាស់ ហើយចំពោះការរាយការណ៍ពីសកម្មភាពយកលុយពីសិស្ស បើសិនមានការសហការ ពីគ្រប់មជ្ឈដ្ឋាននានានោះ គឺជារឿងដែលក្រសួងចង់បានបំផុត ។ មកដល់ពេលបច្ចុប្បន្ន កម្ពុជាមានសាលារៀននៅទូទាំងប្រទេសសរុប ១៤ ៥២២ សាលា រាប់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ក្នុងនោះសាលារដ្ឋមានចំនួន ១៣.៣០០ សាលា ។ គ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និង ក្រោយឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថាននោះ មានចំនួន ១២៥ សាលា ក្នុងនោះរដ្ឋមានចំនួន ៤៨ សាលា ៕

អត្ថបទដែលជាប់ទាក់ទង