ប្រជាពលរដ្ឋនៅក្នុងភូមិពូត្រុំ ខេត្តមណ្ឌលគិរី បានភ័យលួសព្រលឹងអស់រយៈពេល ២ថ្ងៃមកហើយ ដោយសារតែសត្វដំរីឈ្មោលមួយក្បាលបានចុះប្រេង

ប្រជាពលរដ្ឋនៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានភ័យលួសព្រលឹងអស់រយៈពេល ២ថ្ងៃមកហើយ ដោយសារតែសត្វដំរីឈ្មោលមួយក្បាលបានចុះប្រេង ហើយចូលអុកឡុកនៅក្នុងភូមិឋាន​របស់ប្រជាពលរដ្ឋ តាំងពីថ្ងៃទី២២ រហូតដល់ ថ្ងៃទី២៣ ខែមេសានេះ ។

ប្រជាពលរដ្ឋនៅសង្កាត់រមនា ក្រុងសែនមនោរម្យ បានប្រាប់អ្នកយកព័ត៌មានរបស់យើងថា សត្វដំរីឈ្មោលមួយក្បាល ដែលចុះប្រេង ហើយចូលអុកឡុកក្នុងភូមិរបស់ប្រជាពលរដ្ឋនោះ ជាដំរីព្រៃ គឺវាពិតជាកាចខ្លាំងណាស់ នៅពេលវាឃើញមនុស្ស វាដេញ ម្នាក់ៗរត់ឡើងព្រលឹងចុងសក់អស់ហើយ ។

ដំរីព្រៃឈ្មោលមួយក្បាលនេះ វាបានចុះប្រេង ហើយមកដោយញី ជាមួយដំរីញីស្រុក អ្នកនៅក្នុងស្រុកភូមិនេះ មិនមានអ្នកណាហ៊ានទៅក្បែរវាឡើយ សូម្បីតែម្ចាស់ដំរីញីនោះ ក៏មិនហ៊ានទៅក្បែរវាដែរ ។ប្រជាពលរដ្ឋនៅទីនោះ មានការភ័យខ្លាច និង បាក់ស្បាតជាមួយដំរីចុះប្រេងនេះយ៉ាងខ្លាំង ព្រោះកាលពីឆ្នាំកន្លងទៅ មានសត្វដំរីស្រុកមួយក្បាលបានចុះប្រេង ហើយសម្លាប់អ្នកភូមិម្នាក់រួចមកហើយ ។

បើតាមព័ត៌មានដែលទទួលបាន ឥឡូវនេះមន្ត្រីជំនាញកំពុងចាត់វិធានការ ដើម្បីចាត់ការដំរីព្រៃចុះប្រេងមួយក្បាលនោះហើយ ៕

អត្ថបទដែលជាប់ទាក់ទង