ប្រទេសហ្វីលីពីនបានបញ្ជូនសំរាម ជាប្រភេទកាកសំណល់វត្ថុធាតុដើមដែលត្រូវបានរក្សាទុកតាំងពីឆ្នាំ ២០១៨ របស់កូរ៉េខាងត្បូងចំនួន ២,៦៧៦តោន ទៅប្រទេសដើមវិញ!

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ថែទី២២ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ បានចុះផ្សាយថា ប្រទេសហ្វីលីពីនបានបញ្ជូនសំរាម ជាប្រភេទកាកសំណល់វត្ថុធាតុដើមដែលត្រូវបានរក្សាទុកតាំងពីឆ្នាំ ២០១៨ របស់កូរ៉េខាងត្បូងចំនួន ២,៦៧៦តោន ទៅប្រទេសដើមវិញ។

Dominguez ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានឲ្យដឹងថា កាកសំណល់វត្ថុធាតុដើមចំនួន ២,៦៧៦តោនខាងលើនេះ គឺជាផ្នែកមួយនៃចំនួនកាកសំណល់សរុបទាំងជាង ៥,០០០តោន ដែលរដ្ឋាភិបាលកូរ៉េខាងត្បូង ប្តេជ្ញាជួយដឹកជញ្ជូនយកត្រឡប់ទៅប្រទេសពួកគេវិញ បន្ទាប់ពីកាកសំណល់ទាំងនេះ ត្រូវបាននាំចូលប្រទេសហ្វីលីពីនខុសច្បាប់ កាលពីឆ្នាំ២០១៨។

លោក បានបន្ថែមទៀតថា កាកសំណល់ខាងលើ គឺជាប្រភេទបន្ទះស្តើងៗនៃផ្លាស្ទិចសំយោគ ត្រូវបាននាំចូលដោយខុសច្បាប់ដោយក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានមូលដ្ឋាននៅខេត្តសេប៊ូ ភាគកណ្តាលប្រទេសហ្វីលីពីន។

រដ្ឋមន្ត្រីខាងលើនោះ បានគូសបញ្ជាក់ថា សំរាមទាំងនោះត្រូវបានដឹកបញ្ជូនត្រឡប់ទៅប្រទេសដើមវិញចំនួន ១៥១កុងតឺន័រហើយ ដោយបានបែងចែកជាបីលើក។

គួរជម្រាបថា កាលពីឆ្នាំមុនប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានបញ្ជាឲ្យហាមឃាត់ការនាំចូល រាល់កាកសំណល់ពីប្រទេសខាងក្រៅទាំងអស់។ ការសម្រេចនេះត្រូវបានធ្វើឡើង បន្ទាប់ពីសំរាមរបស់កាណាដាចំនួន ១០៣កុងតឺន័រ ត្រូវបានដឹកបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ កាលពីខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ៕

អត្ថបទដែលជាប់ទាក់ទង