សង្វេគណាស់! យុវជនម្នាក់ចុះឆក់ត្រី មិនប្រយ័ត្នបណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់

(កណ្តាល)៖ មានករណីយុវជនម្នាក់ចុះឆក់ត្រី មិនប្រយ័ត្នបណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នៅត្រង់ចំណុចមេទឹកព្រៃទទឹង ភូមិជ្រៃមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

បើយោងតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សឿន សាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានទីលំនៅភូមិឃុំខាងលើ។

នគរបាលដដែល បានបន្តទៀតថា នៅវេលាថ្ងៃត្រង់ថ្ងៃខែខាងលើនោះ ជនរងគ្រោះ បានទៅឆក់ត្រីជាមួយឪពុកមារបស់ខ្លួន ឈ្មោះសឿន អួន ដោយយកឧបករណ៍ឆក់ត្រីម្នាក់មួយគ្រឿង ចេញពីផ្ទះដើម្បីទៅរកត្រីនៅចំណុចកើតហេតុខាងលើ ។

លុះពេលទៅដល់ ជនរងគ្រោះ និងឪពុកមា បានចុះទៅឆក់ត្រីតាមព្រៃល្បោះចម្ងាយផ្សេងពីគ្នាប្រហែល ១០ម៉ែត្រ។ មិនបានប្រហែលមួយម៉ោងផង ឈ្មោះ សឿន អួន បានស្រែកហៅជនរងគ្រោះ តែមិនឮជនរងគ្រោះឆ្លើយតប ក៏បានដើររកមើលជនរងគ្រោះ ហើយក៏ឃើញជនរងគ្រោះដេកផ្កាប់មុខនៅក្នុងទឹកដោយជាប់ម៉ូទ័រឆក់ត្រីនៅនឹងខ្លួន ។

ភ្លាមនោះឈ្មោះ សឿន អូន ក៏ប្រាប់បងប្អូននៅផ្ទះឱ្យដឹង ដើម្បីនាំគ្នាយកជនរងគ្រោះឡើងមកផ្ទះ រួចបងប្អូនក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសំបូរមាស ។

ក្រោយពីទទួលព័ត៌មានកម្លាំងប៉ុស្តិ៍ និងសមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរ និងពេទ្យឃុំចុះមកដល់ផ្ទះរបស់ជនរងគ្រោះ ធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា នៅលើខ្លួនសពជនរងគ្រោះមានស្លាកស្នាម ១.រលាត់ខ្នងដៃខាងស្ដាំចំនួន០១កន្លែងប្រវែង១សង់ទីម៉ែត្រ និង២.ស្នាមជាំខ្លោចនៅលើថ្ងាសខាងឆ្វេងចំនួន០១កន្លែងប្រវែង២សង់ទីម៉ែត្រ។ ក្រៅពីនេះមិនមានស្លាកស្នាមអ្វីផ្សេងគួរឲ្យកត់សម្គាល់ឡើយ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានរកឃើញវត្ថុតាង ដែលបន្សល់ទុកមាន៖ ១.អាគុយ៤០អំពែរចំនួន០១គ្រឿង, ២.អាំងម៉ូទ័រឆក់ត្រីចំនួន០១គ្រឿង និង៣.កន្ត្រកពណ៌ត្រួយចេកសម្រាប់ដាក់អាគុយចំនួន០១ ។

តាមការសន្និដ្ឋាននិងវាយតម្លៃរបស់គ្រូពេទ្យបានបញ្ជាក់ថា សពជនរងគ្រោះពិតជាស្លាប់ដោយសារម៉ូទ័រឆក់ត្រីបណ្ដាលឱ្យឆក់ស្លាប់ខ្លួនឯងពិតប្រាកដមែន ៕

អត្ថបទដែលជាប់ទាក់ទង