នាយករដ្ឋមន្ត្រី បានប្រកាសថាប្រទេសសិង្ហបុរី នឹងបន្តអនុវត្តវិធានការ បិទប្រទេសមួយផ្នែក រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19

(អន្តរជាតិ)៖ យោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia នាយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ បានចុះផ្សាយថា នាយករដ្ឋមន្ត្រី បានប្រកាសថាប្រទេសសិង្ហបុរី នឹងបន្តអនុវត្តវិធានការ បិទប្រទេសមួយផ្នែក រហូតដល់ថ្ងៃទី១ ខែមិថុនា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19។

សូមបញ្ជាក់ផងដែរថាវិធានការនេះ រួមមានទាំងការរក្សាគម្លាតសុវត្ថិភាព, ការបិទកន្លែងការងារមួយចំនួន និងសាលារៀន ដំបូងឡើយនឹងត្រូវអស់សុពលភាព នៅថ្ងៃទី៤ ខែឧសភា។

ប៉ុន្តែ ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ សិង្ហបុរី បាន និងកំពុងជួបការផ្ទុះឡើងនូវករណីឆ្លង COVID-19 យ៉ាងគំហុគ ដែលកើតឡើងចេញពីការឆ្លង ជាចង្កោមនៅក្នុងចំណោមពលករបរទេស។

លោកនាយករដ្ឋមន្ត្រី លី សៀន ឡុង បានបញ្ជាក់ថា ការបន្តសុពលភាពវិធានការបិទប្រទេសមួយផ្នែកនេះ អាចនឹងធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 ធ្លាក់ចុះ ហើយអាចនឹងធានាបានថាការឆ្លងជាចង្កោមក្នុងចំណោមពលករបរទេស នឹងមិនក្លាយជាការឆ្លងជាសហគមន៍។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers គិតត្រឹមនៅយប់ថ្ងៃអង្គារនេះ សិង្ហបុរីមានអ្នកឆ្លង COVID-19 ចំនួន៩,១២៥នាក់ ក្នុងនោះករណីឆ្លងថ្មីចំនួន ១,១១១នាក់៕

អត្ថបទដែលជាប់ទាក់ទង