WHO ​បានអះអាងថា ខ្លួន​មិនបាន​លាក់បាំង​ព័ត៌មាន​អ្វី​ទាក់ទង​នឹង​ជំងឺ​ COVID-19 ទេ !

(អន្តរជាតិ)៖ ​ក្នុង​សន្និសិទ​សារព័ត៌មាន​ថ្ងៃទី​២០ ខែមេសា អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​អះអាង​ជាថ្មី​ថា អង្គការ​របស់លោក បាន​និយាយ​តាំងពី​ដើមទី​មកពី​គ្រោះថ្នាក់​នៃ​វីរុស​ដែល​ផ្ទុះ​ចេញពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ប្រទេស​ចិន ហើយ​មិនដែល​បិទបាំង​ព័ត៌មាន​ណាមួយ​ឡើយ​។ លោក Tedros បញ្ជាក់ថា អង្គការ​របស់លោក ក៏​គ្មាន​អាថ៌កំបាំង​អ្វី​ទាំងអស់​។

លោក Tedros បាននិយាយថា «​យើង​បាន​ព្រមាន​តាំងពី​ថ្ងៃទី​មួយ​ថា នេះ​ជា​បិសាច​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​ប្រយុទ្ធ​ជាមួយ​។​» លោក Tedros និយាយ​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​។ អគ្គនាយក​អង្គការ​ទទួលបន្ទុក​សុខ​ភាព​អន្តរជាតិ​រូបនេះ បន្ថែមថា អ្នកជំនាញ​១៥​មកពី​មជ្ឈមណ្ឌល​ទប់ស្កាត់​ជំងឺឆ្លង​របស់​អាមេរិក (CDC) បានធ្វើការ​ជាមួយ WHO លើ​ការឆ្លើយតប​នឹង COVID-19 ដែល​ការណ៍​នេះ​បង្ហាញថា គ្មាន​អ្វីដែល​ត្រូវ​លាក់បាំង​ឡើយ​។​

WHO ក៏​អះអាង​ឡើងវិញ​ថា ស្ថាប័ន​របស់លោក គឺ​បើកចំហរ មិន​លាក់​ព័ត៌មាន ហើយ​មានតែ​ផ្ដល់ព័ត៌មាន​ដល់​ប្រទេស​ទាំងអស់​ឲ្យ​បាន​រហ័ស សំដៅ​ជួយ​ពួកគេ​ក្នុងការ​ត្រៀមខ្លួន​បានល្អ និង​លឿន​ផងដែរ​។

គួររំលឹកថា WHO បាន​ក្លាយជា​មុខសញ្ញា​រិះគន់​របស់​អាមេរិក និង​ប្រទេស​មួយចំនួនទៀត​ចំពោះ​ចំណាត់​ការខ្លួន​តប​នឹង​ការផ្ទុះ COVID-19 នៅ​ចិន ហើយក៏​រាលដាល​ពេញ​ពិភពលោក​ដូច​បច្ចុប្បន្ន​។ ទីក្រុង​វ៉ាស៊ីនតោន ចោទ WHO ថា មិនបាន​ផ្ដល់ព័ត៌មាន​ច្បាស់លាស់​នៅ​ដំណាក់កាល​ដំបូង ហើយ​ណែនាំ​មិន​ឲ្យ​មាន​ការបិទ​ជើងហោះហើរ​ទៀតផង​ក្រោម​ហេតុផល​ថា ប៉ះពាល់​សេរីភាព និង​មិនអាច​ទប់ស្កាត់​វីរុស​បាន​អ្វី​ទាំងអស់​។ អាមេរិក ក៏​ថែមទាំង​ប្រកាស​ផ្អឹប​លុយ​សម្រាប់ WHO ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង