ក្នុងចំណោមកម្មករ ដែលដាក់ឱ្យនៅដាច់ដោយឡែកទាំងអស់ មានកម្មករចំនួន ២នាក់ ដែលចេញរោគសញ្ញាខ្លះៗ នៃរោគសញ្ញាជំងឺកូវីដ១៩

មណ្ឌលចត្តាឡីស័កចំនួន ១០កន្លែង ត្រូវបានក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំដាក់នៅតាមតំបន់ ដែលមានរោងចក្រច្រើននៅក្នុងរាជធានីភ្នំពេញ សម្រាប់ដាក់កម្មករនិយោជិតឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ បន្ទាប់ពីពួកគេវិលត្រឡប់មកពីស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរវិញ ។ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០នេះថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅថ្មីៗនេះ មានកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ និង ផលិតស្បែកជើងនៅទូទាំងប្រទេសប្រមាណ ៣០ ០០០នាក់ ស្មើនឹង ២% បានឈប់សម្រាកទាំងមានច្បាប់ និង គ្មានច្បាប់អនុញ្ញាត ក្នុងនោះនៅរាជធានីភ្នំពេញមានប្រមាណ ១៥ ០០០នាក់ ប៉ុន្តែក៏មានកម្មករមួយចំនួនមិនបានត្រលប់មកធ្វើការវិញដែរ ដោយសារតែជម្នះចង់ឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំថ្មី ។ ក្នុងចំណោមកម្មករ ដែលដាក់ឱ្យនៅដាច់ដោយឡែកទាំងនោះ គឺមានកម្មករចំនួន ២នាក់ ដែលចេញរោគសញ្ញាខ្លះៗ នៃរោគសញ្ញាជំងឺកូវីដ១៩ ហើយក្រុមគ្រូពេទ្យ ក៏បានយកសំណាកពួកគេ ទៅត្រួតពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រហើយ ។មណ្ឌលចត្តាឡីស័កទាំងនោះ ត្រូវបានបែងចែកជា២កម្រិត ក្នុងនោះមានមណ្ឌលចត្តាឡីស័កកម្រិត១ និង មណ្ឌលចត្តាឡីស័កកម្រិត២ ។ មណ្ឌលចត្តាឡីស័កទាំង១០ទីតាំងនោះ មាននៅសួនឧស្សាហកម្មវឌ្ឍនៈ១ ,នៅសួនឧស្សាហកម្មកាណាឌីយ៉ា, អនុវិទ្យាល័យគោកបញ្ជាន់ ,នៅសួនឧស្សាហកម្មវឌ្ឍនៈ២, នៅវិទ្យាល័យជម្ពូវ័ន្ត ,​នៅអនុវិទ្យាល័យដង្កោ ,នៅវិទ្យាល័យភ្នំពេញថ្មី នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ,នៅសាលាបឋមសិក្សាភូមិឫស្សី និង នៅវិទ្យាល័យឫស្សីកែវ ។ឯកឧត្តម ហេង សួរ មានប្រសាសន៍បន្តទៀតថា មណ្ឌលចត្តាឡីស័កកម្រិត១ ប្រៀបដូចជាការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេក្នុងផ្ទះ ឬ បន្ទប់ជួលផ្ទាល់ខ្លួន ប៉ុន្តែប្រសិនបើម្ចាស់បន្ទប់ជួលគាត់ ឬ អ្នករួមបន្ទប់របស់គាត់មិនហ៊ានឱ្យនៅក្នុងបន្ទប់ជួលរបស់គេ ដូច្នេះសាមីខ្លួនអាចមកស្នាក់នៅដាច់ដោយឡែកនៅមណ្ឌលនេះបាន ។ មណ្ឌលចត្តាឡីស័កកម្រិត២ គឺ សម្រាប់ដាក់បុគ្គល ដែលត្រូវបានគេយកសំណាកទៅត្រួតពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ។ ប្រសិនបើត្រួតពិនិត្យឃើញវិជ្ជមាន គេនឹងបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-រុស្ស៉ី។ ដោយឡែកអគារចត្តាឡីស័កកម្រិត២ ក្នុង១បន្ទប់ស្នាក់នៅបានតែម្នាក់ប៉ុណ្ណោះ ចំណែកឯអគារចត្តាឡីស័កកម្រិត១ អាចស្នាក់បានលើសពីម្នាក់ ហើយក្នុងមណ្ឌលចត្តាឡីស័កកម្រិត១នីមួយៗ អាចដាក់មនុស្សសរុបបានប្រហែល ២ ៥០០នាក់ ។ នេះបើយោងតាមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ៕

អត្ថបទដែលជាប់ទាក់ទង