ក្រសួងព័ត៌មានបំភ្លឺថា ការចេញបណ្ណសារព័ត៌មាន ក្រសួងមិនដែលភ្ជាប់គោរមងារនោះទេ ហើយអ្នកដែលប្រើគឺជាការទទួលខុសត្រូវរបស់អង្គភាពនោះផ្ទាល់

ក្រសួងព័ត៌មាន បានបំភ្លឺថា ជាគោលការណ៍ ក្រសួងព័ត៌មានចេញបណ្ណសារព័ត៌មាន មិនដែលភ្ជាប់ជាមួយគោរមងារនោះទេ ចំពោះការចេញបណ្ណសំគាល់ខ្លួន ឬបណ្ណព័ត៌មានដោយសមីអង្គភាព គឺជាការទទួលខុសត្រូវរបស់អង្គភាពផ្ទាល់ ក្រសួងព័ត៌មានមិនមានការពាក់ព័ន្ធនោះទេ។

នៅក្នុកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានលើកឡើងថាមានអង្គភាពគេហទំព័រកសិករ ដែលបានដាក់ងាររបស់បុគ្គលិកខ្លួនឯង ងារជា ឯកឧត្តម លោកជំទាវ ធ្វើអោយមានការ យល់ច្រឡំថាក្រសួងព័ត៌មានជាអ្នកចេញបណ្ណ និងឋានៈនេះ អោយ អង្គភាពនោះ។

គួរម្លឹកថា កាលពីថ្ងៃទី១៩ ខែមេសា មានការចែករំលែក និងរិះគុណយ៉ាងច្រើនតាមបណ្តាញសង្គមហ្វេសបុកទៅលើអង្គភាពគេហទំព័រមួយមានឈ្មោះថា www.famersparty.org ដែលមានលោក មាស ពៅ ជាម្ចាស់អាជីវកម្ម ដោយបានចេញកាតអោយបុគ្គលិកប្រើងារសុទ្ធតែឯកឧត្តម និងលោកជំទាវ។
ពាក់ពន្ធ័បញ្ហានេះ ឯកឧត្តមផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្រសួងព័ត៌មាន បានចេញបណ្ណសារព័ត៌មាន មិនដែលភ្ជាប់ជាមួយ គោរមងារនោះទេ តែចាងហ្វាង គេហទំព័រនោះ ជាគណបក្សកសិករ ហើយក៏មិនដឹងថា គេបានងារជា ឯកឧត្តម លោកជំទាវ ពីណាដែរនោះទេ ។

នៅក្នុងសេចក្តីបំភ្លឺ របស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី២០ ខែមេសានេះ បានបញ្ជាក់ថា ជាគោលការណ៍ ក្រសួងព័ត៌មាន មិនដែលប្រើគោរមងារក្នុងលិខិតអនុញ្ញត ឬបណ្ណសារព័ត៌មាន ដែលចេញដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នោះទេ។ ដូច្នេះ ការចេញបណ្ណសំគាល់ខ្លួន ឬបណ្ណព័ត៌មានដោយសមីអង្គភាព គឺជាការទទួលខុសត្រូវរបស់អង្គភាពផ្ទាល់ មិនមានការពាក់ព័ន្ធជាមួយក្រសួងព័ត៌មានទេ៕

អត្ថបទដែលជាប់ទាក់ទង