រៀនតែតាម YouTube សោះ អាចបង្កើតវិបសាយតាមដានជំងឺកូវីដ១៩ មួយថ្ងៃមានអ្នកមើល ២៥លានដង

យុវជន​វ័យ ១៧ ឆ្នាំ​ ឈ្មោះ Avi Schiffmann ដែល​រស់​នៅ​កោះ Mercer Island ក្បែរ​ទីក្រុង Seattle សហរដ្ឋអាមេរិក គឺ​ជា​ម្ចាស់​វិបសាយ​តាមដាន​អំពី​សភាពការណ៍​ជំងឺ​កូវីដ​១៩​មួយ ដែល​មាន​អ្នក​ចុច​​មើល​ជាង ២៥ លាន​ដង​ក្នុង​មួយ​ថ្ងៃ។

Schiffmann ដែល​មាន​សញ្ជាតិ​​អង់គ្លេស-អាមេរិក បាន​តាម​ដាន​ជំងឺ​កូវីដ​១៩ តាំង​ពី​ពេល​ដែល​ជំងឺ​នេះ​ត្រូវ​គេ​រក​ឃើញ​ដំបូង ពោល​នៅ​អំឡុង​ចុង​ឆ្នាំ ២០១៩។ នៅ​ពេល​នោះ​គឺ​គេ​តាមដាន​ព័ត៌មាន​តាម​រយៈ​វិបសាយ​ភាសា​ចិន។ អំឡុង​ពេល​នោះ​ដែរ Schiffmann មាន​គំនិត​មួយ​ដែល​ចោទ​សួរ​ខ្លួន​ឯង​ថា ៖ “ហេតុ​អ្វី​ខ្ញុំ​មិន​បង្កើត​វិបសាយ​មួយ​ជា​ភាសា​អង់គ្លេស អាប់​ដេត​លើ​ទិន្នន័យ​ឲ្យ​មើល​ទៅ​មាន​ភាព​ទាក់ទាញ?”

​នៅ​ថ្ងៃ​ទី ២៩ ខែ​ធ្នូ ពេល​ដែល​ជនជាតិ​អាមេរិក​មួយ​ចំនួន​ធំ​មិន​សូវ​ខ្វាយ​ខ្វល់​អំពី​ជំងឺ​កូវីដ​១៩​នៅ​ឡើយ Schiffmann បាន​ចាប់​ផ្ដើម​បង្កើត​វិបសាយ​ក្នុង​បន្ទប់​របស់​ខ្លួន។ វិបសាយ​មាន​ឈ្មោះ​ថា​ nvoc2019.live ដែល​មើល​ទៅ​មាន​ភាព​សាមញ្ញ និង​បង្ហាញ​ព័ត៌មាន​ច្រើន​មាន​ដូច​ជា​ចំនួន​អ្នក​ឆ្លង, ចំនួន​អ្នក​ស្លាប់, ចំនួន​អ្នក​ជា​ក្នុង​ប្រទេស​នីមួយៗ​ជា​ដើម។

វិបសាយ​ដែល​ធ្វើ​ការ​អាប់ដេត​ភ្លាមៗ​លើ​ករណី​ជំងឺ​កូវីដ​១៩​នេះ គឺ​ត្រូវ​បាន​ Schiffmann បង្កើត​ឡើង​ដោយ​ពឹង​ផ្អែក​លើ​ចំណេះ​ដឹង​ផ្នែក​សរសេរ​កម្មវិធី​ដែល​រូប​គេ​រៀន​តាម​រយៈ​ YouTube និង​អ៊ីនធឺណិត​ក្នុង​រយៈពេល ១០ឆ្នាំ​​កន្លង​មក​នេះ។ Schiffmann និយាយ​ថា ៖ “ខ្ញុំ​មិន​បាន​​ចូល​រៀន​វគ្គ​ជំនាញ​សរសេរ​កម្មវិធី​ថ្លៃៗ​ ហើយ​ក៏​មិន​បាន​រៀន​សរសេរ​កម្មវិធី​នៅ​សាលា​ណា​ដែរ។”

ប្រព័ន្ធ​ដែល​ Schiffmann បង្កើត​ឡើង​គឺ​អាច​ទុក​ចិត្ត​បាន​ខ្ពស់​ដោយ​សារ​​បាន​ប្រមូល​យក​ទិន្នន័យ​ពី​ប្រភព​ល្បីៗ​ទូទាំង​ពិភពលោក មាន​ដូច​ជា​អង្គការ​សុខភាព​ពិភពលោក ឬ​ CDC របស់​សហរដ្ឋអាមេរិក​ជា​ដើម។

ផ្អែក​តាម​ការ​ចុះ​ផ្សាយ​របស់​​ Telegraph បាន​ឲ្យ​ដឹង​ថា​​វិបសាយ​​របស់​ Schiffmann មាន​ចំនួន​អ្នក​ចូល​ទស្សនា​ជា​មធ្យម​ជាង ២៥ លាន​ដង​ក្នុង​មួយ​ថ្ងៃ ដោយ​មាន​ពាក់​កណ្ដាល​មាន​ប្រភព​ពី​សហរដ្ឋអាមេរិក ហើយ​ ៨០% គឺ​បើក​ចូល​​តាម​ទូរសព្ទ​ដៃ។

ដោយ​សារ​ជោគជ័យ​នៃ​វិបសាយ​នេះ មាន​ក្រុមហ៊ុន​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម​លើ​វិបសាយ​របស់​ Schiffmann។ ជា​រៀង​រាល់​ថ្ងៃ​រូប​គេ​ទទួល​បាន​អ៊ីមែល​ប្រមាណ ៦ពាន់​​មក​ពី​ជុំវិញ​ពិភពលោក ដែល​សុំ​សហការ​ដាក់​ផ្ទាំង​ពាណិជ្ជកម្ម រួម​មាន​​សំណើ​ដែល​មាន​តម្លៃ​​ស្មើ ៨ លាន​ដុល្លារ​ទៀត​ផង។

យ៉ាងណាក្ដី​យុវជន​រូប​នេះ​ប្រកែក​មិន​ទទួល​ដោយ​និយាយ​ថា ៖ “ខ្ញុំ​ចង់​លេង​ហ្គេម​ជា​មួយ​មិត្តភ័ក្ដិ​ ចង់​រីករាយ​នឹង​វ័យ​របស់​ខ្ញុំ មិន​ចូល​ចិត្ត​សម្ពាធ​នៃ​ការ​កាន់​កាប់​វិបសាយ​ធំ​មួយ​ក្នុង​លោក។ ខ្ញុំ​អាច​ចូល​និវត្តន៍​បាន​ជា​មួយ​លុយ​ជា​ច្រើន ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ចង់​នៅ​ឡើយ​ទេ ខ្ញុំ​ចង់​រីករាយ​នឹង​វ័យ ១៧ ឆ្នាំ​របស់​ខ្ញុំ។ ខ្ញុំ​មិន​ទាន់​ខ្វល់​នឹង​លុយ​នៅ​ឡើយ​ទេ៕”​​​

អត្ថបទដែលជាប់ទាក់ទង