សមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងហ្គេម និងឃាត់ខ្លួនជនសង្ស័យ ៦នាក់ រួមជាមួយសារធាតុញៀន

ភ្នំពេញ: គណ:បញ្ជាការឯកភាពខណ្ឌឬស្សីកែវ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ហ្គេមអនឡាញឃាត់ខ្លួនជនសង្ស័យ ០៦នាក់ រួមនឹងវត្ថុតាងជាសម្ភារ:មួយចំនួនទៀត សារធាតុញៀនផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ១ ក្រុមទី៤ ផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចឲ្យដឹងថាគណ:បញ្ជាការឯកភាពខណ្ឌឬស្សីកែវ ដឹកនាំដោយ លោកជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌ និងជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង ស៊ិក វណ្ណ: អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ហ្គេមអនឡាញស្ថិតនៅចំណុចខាងលើ។

ជាលទ្ធផល គណ:បញ្ជាការឯកភាពខណ្ឌ បានដកហូតនូវសម្ភារ:ដែលបម្រើឲ្យការលេងល្បែងស៊ីសងខុសច្បាប់ មានដូចជា ធុងកុំព្យូទ័រ (CPU) ចំនួន ១៣គ្រឿង ម៉ូនែទ័រ (Monitor) ចំនួន ១៤គ្រឿង ខីបត (Keyboard) ចំនួន ១៣គ្រឿង ទូរទស្សន៍ចំនួន ០១គ្រឿង ម៉ូតូប្រើអាគុយ ចំនួន ០១ គ្រឿង តុ កៅអី មួយចំនួន ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យជា អ្នកលេង រួមទាំងអ្នកមើលការខុសត្រូវចំនួន ០៦នាក់ ព្រមទាំង សារធាតុញៀន ចំនួន ០១ កញ្ចប់ធំ។

បច្ចុប្បន្ននេះ វត្តុតាង និងជនសង្ស័យ ត្រូវបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង