អ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple ជាកូនខ្មែរដំបូងគេ ដែលបានទទួលបានអាហារូបករណ៌ការសិក្សាផ្នែកផាត់មុខនៅហូលីវូដ

រយៈពេលជាង ១០ឆ្នាំមកហើយ ដែលអ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple បានចូលប្រឡូកក្នុងវិស័យផាត់មុខ លើជំនាញផាត់មុខផ្នែកថតកុន និង បែប Fashion។អ្នកនាង គឺជាកូនខ្មែរដំបូងគេ ដែលបានទទួលបានអាហារូបករណ៌ការសិក្សាផ្នែកផាត់មុខនៅហូលីវូដ ហើយអ្នកនាងក៏ជាអ្នកផាត់មុខជំនាញ ដែលបានចូលរួមផាត់មុខ ដល់តួសម្តែងនៅក្នុងខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ឬ «The First They Kill My father» ដែលមានការនិពន្ធ និងដឹកនាំសម្តែងដោយតារាហូលីវូដ Angelina Jolie ។មកដល់ពេលនេះ អ្នកផាត់មុខជំនាញរូបនេះ ទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងពីបទពិសោធន៌ នៃការផាត់មុខរបស់អ្នកនាង។ ដោយនៅក្នុងនោះ អ្នកនាងបានចូលរួមផាត់មុខដល់តារាហូលីវូដ៌មួយចំនួនកំឡុងពេលនៅសហរដ្ឋអាមេរិច ក៏ដូចជាបានបង្ហាញនូវស្នាដៃ នៃការច្នៃប្រឌិតការផាត់មុខបែប Fashion ប្លែកៗជាច្រើនផងដែរ។អ្វីដែលពិសេសជាងនេះទៅទៀត រយៈពេល ៣ឆ្នាំក្រោយនេះ បន្ទាប់ពីទទួលបានអាហារូបករណ៌សិក្សាបន្ថែមលើជំនាញផាត់មុខ នៅហូលីវូដ៌ ក៏ដូចជាបានធ្វើការងារជាច្រើននៅសហរដ្ឋអាមេរិច អ្នកនាង Apple ក៏បានបង្ហោះនូវវីដេអូ ដើម្បីចែករំលែកពីបទពិសោធន៌របស់អ្នកនាង ក្នុងជំនាញផាត់មុខ។ ហើយអ្វីដែលចាប់អារម្មណ៌នោះ គឹអ្នកនាងបានបង្ហាញពីបទពិសោធន៌ ថាតើធ្វើយ៉ាងណាទើបអាចទទួលបានអាហាររូបករណ៌នៅសហរដ្ឋអាមេរិចបែបនេះ។បន្ថែមពីនេះ អ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple ក៏បានជម្រាបមកកាន់ទស្សនាវដ្តីប្រជាប្រិយតាមរយៈហ្វេសប៊ុកដែរថា «អ្នកនាងសំរាកបន្តិចទាក់ទង នឹងការតាំងពិរពណ៌បរិស្ថាន តែសំរាប់ថ្ងៃខាងមុខ អ្នកនាងចង់ផ្តោតលើសិល្បៈបុរាណខ្មែរវិញម្តង ដើម្បីបង្ហាញពិភពលោក។ ហើយបន្តទៅមុខទៀត ឱ្យតែមានប្រយោជន៍សំរាប់យុវជន អ្នកនាងនឹងព្យាយាមរៀបចំបន្ថែម»។គួររំលឹកដែរថា អ្នកនាង Apple Love ធ្លាប់បានបង្ហាញនូវស្នាដៃជាច្រើន កាលពីអ្នកនាងនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះ មានដូចជា «គម្រោងព្រៃ» តុបតែងកាយដើម្បីជំរុញការការពារពូជសត្វកម្រ «គម្រោងអន្ទាក់» គឹជាការសហការជាមួយអង្គការសម្ព័ន្ធភាពសត្វព្រៃ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីការប្រើប្រាស់អន្ទាក់ដាក់សត្វព្រៃ និង «គម្រោងសមុទ្រ» ។សូមទស្សនារូបភាព និងវីដេអូ ពីការចែករំលែករបស់អ្នកផាត់មុខជំនាញ Apple Love ខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង