មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានធ្វើការបង្ហាញខ្លួនជាសាធារណៈ អំឡុងពេលនៃការឈប់សម្រាកទិវាព្រះអាទិត្យ ឬ Day of the Sun របស់កូរ៉ូខាងជើង

(អន្តរជាតិ)៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនបានធ្វើការបង្ហាញខ្លួនដូចដែលធ្លាប់បានធ្វើជាប្រចាំឆ្នាំ នៅថ្ងៃឈប់សម្រាកខាងនយោបាយដ៏សំខាន់បំផុត កាលពីថ្ងៃពុធ ដែលជាអវត្តមានមិនធម្មតាមួយ ។

លោក គីម ជុងអ៊ុន មិនបានធ្វើការបង្ហាញខ្លួនជាសាធារណៈ អំឡុងពេលនៃការឈប់សម្រាកទិវាព្រះអាទិត្យ ឬ Day of the Sun របស់កូរ៉ូខាងជើង ដែលកត់សម្គាល់ខួបកំណើតរបស់លោក គីម អ៊ីលស៊ុង ជាជីតារបស់លោក គីម ជុងអ៊ុន និងជាបិតាបង្កើតប្រទេសកូរ៉េខាងជើង ។

ជាធម្មតា កាសែតផ្លូវការ Rodong Sinmun រាយការណ៍មួយថ្ងៃ បន្ទាប់ពីថ្ងៃឈប់សម្រាកថា គីម ជុងអ៊ុន បានទៅទស្សនាសពដែលរក្សាទុកសពជីតារបស់ខ្លួន ដែលបានតម្កល់ទុកនៅវិមានព្រះអាទិត្យ ឈ្មោះវិមាន គីម ស៊ូសាន នៅក្នុងរដ្ឋធានីព្យុងយ៉ាង ។

ទោះជាយ៉ាងណាក៏ដោយ កាសែតនោះកាលពីថ្ងៃព្រហស្បត៍ បានរំឮកមន្រ្តីជាន់ខ្ពស់ផ្សេងទៀត ដែលបានគោរពវិញ្ញាណក្ខន្ធណនៅវិមាននោះ ដែលបានតម្កល់សពរបស់លោក គីម ជុងអ៊ីល ជាឪពុកបង្កើតរបស់លោក គីម ជុងអ៊ុន ។ ហេតុផលនៃអវត្តមានរបស់លោក គីម ជុងអ៊ុន មិនទាន់ដឹងច្បាស់នៅឡើយទេ ។

អ្នកសង្កេតការណ៍ និយាយស្មានៗពីការជាប់ទាក់ទិននឹងការមិនបង្ហាញខ្លួនរបស់លោក គីម ជុងអ៊ុន ទៅនឹងមេរោគកូរ៉ូណា ដែលកូរ៉េខាងជើង បានអះអាងថា គ្រប់គ្រងបានទាំងស្រុងនោះ ។

អ្នកសង្កេតការណ៍ខ្លះទៀត និយាយថា លោក គីម ជុងអ៊ុន ប្រហែលកំពុងប៉ុនប៉ងផ្តាច់ខ្លួនពីមេដឹកនាំមុនៗរបស់ខ្លួន ។

លោក Ramon Pacheco Pardo ជាអ្នកឯកទេសអំពីកូរ៉េ ដែលបង្រៀននៅមហាវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៍ និយាយថា «វាងាយស្រួលទេ ដែលនិយាយថា អវត្តមានរបស់លោក គីម ជុងអ៊ុន កាលពីពុធ ជាការចំឡែក ។ ហេតុការណ៍នេះ ផ្ទុយស្រឡះទៅនឹងការនិយាយរបស់កូរ៉េខាងជើងថា កូរ៉េខាងជើងមានសភាពធម្មតានោះ» ។ ដូចជាប្រទេសផ្សេងៗទៀតដែរ កូរ៉េខាងជើងបានចាត់វិធានការយ៉ាងខ្លាំង ដើម្បីរាំងខ្ទប់ការផ្ទុះឡើងនូវមេរោគកូរ៉ូណា រួមមានការបិទព្រំដែនរបស់ខ្លួន និងការដាក់មនុស្សរាប់ពាន់នាក់ ឲ្យនៅដាច់ពីគេជាបណ្តោះអាសន្ន ។

ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើង អះអាងថា ខ្លួនមិនមានមេរោគកូរ៉ូណាឡើយ ៕

អត្ថបទដែលជាប់ទាក់ទង