លោក Jimmy Carter និង លោក Bill Gates បានចូលរួមគ្នាសម្តែងនូវការព្រួយបារម្ភការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការផ្អាកការផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក

(អន្តរជាតិ)៖ លោក Jimmy Carter អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងមហាសេដ្ឋីអាមេរិក លោក Bill Gates បានចូលរួមគ្នាសម្តែងនូវការព្រួយបារម្ភ អំពីការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការផ្អាកការផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក ។

លោក Carter អតីតប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធត្រូវនឹងព្រហស្បតិ៍ ម៉ោងនៅកម្ពុជាដោយនិយាយថា ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ «ជាអង្គការអន្តរជាតិតែមួយគត់ មានលទ្ធភាពដឹកនាំការខិតខំប្រឹងប្រែង ដើម្បីគ្រប់គ្រងវីរុសនេះ»។

លោកអតីតប្រធានាធិបតីអាមេរិក មានប្រសាសន៍ទៀតថា លោកមានការព្រួយបារម្ភ អំពីការសម្រេចចិត្តបញ្ឈប់ការផ្តល់ថវិកាដ៏សំខាន់របស់អាមេរិក ក្នុងពេលនៃការរាតត្បាតជាសាកលនៃមេរោគកូវីដ១៩ ។

ដោយឡែកលោក Gates ដែលជាអ្នកផ្តល់ថវិកាដ៏សំខាន់មួយ ទៅឲ្យអង្គការសុខភាពពិភពលោក (WHO) មានប្រសាសន៍ថា ការសម្រេចចិត្តនេះជា«ការគ្រោះថ្នាក់»មួយ ។

សហរដ្ឋអាមេរិក ជាអ្នករួមវិភាគទានប្រាក់ដ៏ធំបំផុតដល់អង្គការសុខភាពពិភពលោក ដែលមានទឹកប្រាក់ជាង ៤០០លានដុល្លារ ក្នុងឆ្នាំ២០១៩ ប្រហាក់ប្រហែល ១៥ ភាគរយ នៃថវិការបស់អង្គការនោះ ។

លោកប្រធានាធិបតី ត្រាំ បានចោទអង្គការដែលមានទីតាំងនៅក្នុងទីក្រុងហ្សឺណែវមួយនេះ កាលពីថ្ងៃអង្គារ ពីការមិនបានទទួលព័ត៌មានឯករាជ្យអំពីមេរោគកូរ៉ូណា ដែលមានប្រភពពីទីក្រុងវូហាននៃប្រទេសចិន ហើយផ្ទុយទៅវិញ ពឹងផ្អែកលើរបាយការណ៍ផ្លូវការណ៍របស់ចិន ។

គួរម្លឹកផងដែរថា កាលពីដំបូង ក្រុមមន្រ្តីចិន បានព្យាយាមនិយាយសម្រាលពីគ្រោះថ្នាក់ នៃមេរោគកូរ៉ូណាថ្មីនេះ ។ លោកប្រធានាធិបតី ត្រាំ បាននិយាយថា ការផ្តល់ថវិកានេះនឹងត្រូវផ្អាក ដោយរង់ចាំការស៊ើបអង្កេតពីចំណាត់ការរបស់អង្គការសុខភាពពិភពលោក (WHO) អំពីការផ្ទុះឡើងនូវមេរោគនោះសិន ។

សហរដ្ឋអាមេរិក ឥឡូវនេះ បានក្លាយជាប្រទេសទីមួយ ដែលបានរងការប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយមាន ៦៧៧ ៥៧០ករណីជំងឺកូវីដ១៩ គិតត្រឹមព្រឹកថ្ងៃសុក្រ ដោយមានអ្នកស្លាប់ចំនួន ៣៤ ៦១៧នាក់ ។ ចំនួនអ្នកឆ្លងនៅទូទាំងពិភពលោកឡើងដល់ ២ ១៨២ ០៥៨ករណី និងស្លាប់ចំនួន ១៤៥ ៥១៦នាក់ ៕

អត្ថបទដែលជាប់ទាក់ទង