បុរសជាកម្មកររោងចក្រម្នាក់ ដែលមានជំងឺប្រចាំកាយ បានដេកស្លាប់ក្នុងបន្ទប់ជួល ខណៈដែលសាច់ញាតិទៅដាស់ច្រើនដង តែមិនឆ្លើយ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បុរសជាកម្មកររោងចក្រម្នាក់ ដែលមានជំងឺប្រចាំកាយម្នាក់ សង្ងំដេកសម្រាកក្នុងបន្ទប់ជួល ខណៈដែលសាច់ញាតិទៅដាស់ច្រើនដង តែមិនឆ្លើយ ទើបដាច់ចិត្តបើកបង្អួចមើលជាក់ស្តែង ស្រាប់តែប្រទះឃើញដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចបន្ទប់ជួលលេខ១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីបងស្រីរបស់ជនរងគ្រោះឈ្មោះ ហួន ហេម អាយុ ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ បានឲ្យដឹងថាសពមានឈ្មោះ ជឿន ប៉ូច ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានប្រពន្ធឈ្មោះ ហួន ហឿន អាយុ ៣៤ឆ្នាំ មានកូនប្រុស ២នាក់ រស់នៅឯស្រុកកំណើត ។

ប្រភពដដែល បានបន្តរទៀតថា ប្អូនប្រុស់របស់គាត់មានជំងឺលើសឈាម ប្រចាំកាយ ប្រើប្រាស់ថ្នាំពេទ្យជាប្រចាំទេ ហើយខណ:ដែល ពលរដ្ឋ កម្មករ ទៅស្រុកស្ងាត់អស់បន្ទប់ជួល ក្រុមគ្រួសារគាត់ ទាំងសពខាងលើ មិនបានទៅស្រុកកំណើតទេ សុខចិត្តនៅបន្តធ្វើការងារ ក្នុងថ្ងៃចូលឆ្នាំ។

ស្ត្រីខាងលើបានបន្ថែមទៀតថា កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ម្សិលមិញនេះ ប្អូនប្រុសបានប្រាប់ដែរថាចេះតែវិលមុខ ក្រោយពីហូបបាយរួច នាំគ្នាចូលដេកសម្រាក បន្ទប់រៀងៗខ្លួន លុះដល់ព្រឹកថ្ងៃទី១៧នេះ ឮសូរទូរស័ព្ទរោទ៍ច្រើនដងហើយតែមិនលើកសោះ ម្យ៉ាងមិនឃើញប្អូនក្រោកភ្ញាក់ពីដំណេក ដើរទៅហៅ តែមិនសូរឆ្លើយ លុះបើកបង្អួចមើល យកឈើកេះ ដាស់ ជាក់ស្តែង ស្លាប់បាត់ទៅហើយ ទើបនាំគ្នាឆោឡោ ប្រាប់ម្ចាស់ផ្ទះជួល រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យរួច ឃើញថាជនរងគ្រោះស្លាប់ដោយសារជំងឺប្រចាំកាយ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង