ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសស្រុកល្វាឯមឃាត់ខ្លួន ក្រោយពីបានប្រើអំពើហិង្សាដោយចេតនាដោយការយល់ច្រឡំ

(កណ្តាល)៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសស្រុកល្វាឯមឃាត់ខ្លួន ក្រោយពីបានប្រើអំពើហិង្សាដោយចេតនាដោយការយល់ច្រឡំ កើតឡើងនាថ្ងៃពុធ ទី១៥ ខែមេសាឆ្នាំ២០២០ វេលាម៉ោង៩ និង៤០នាទីយប់ នៅចំណុចក្រោយផ្ទះជនរងគ្រោះ ភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល។

បើយោងតាមប្រភពព័ត៌មានមន្ត្រីនគរបាល ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង មុន្នី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិ ខ្មែរមុខរបរ ជាងកាត់កញ្ចក់ ទីលំនៅភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមានឈ្មោះ សួន ចន្ធី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងជួសជុលរថយន្តមានទីលំនៅភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានឃាត់ខ្លួន។

ប្រភពដដែលលបានបន្តទៀតថា ដំបូងជនសង្ស័យឈ្មោះ សួន ចន្ធី បានជិះម៉ូតូដោយមានគ្នាមកជាមួយជិះម៉ូតូចំនួន០៤ គ្រឿង ដោយម៉ូតូ ០២ គ្រឿងសណ្ដោងគ្នាជិះពីមុខម៉ូតូជនសង្ស័យ។ ពេលជិះមកដល់ចំណុចមុខផ្ទះឈ្មោះ ហៀង ម៉ិល ស្រាប់តែឈ្មោះហេង សុឈីត ត្រូវជាប្អូនជនរងគ្រោះបានរត់កាត់ផ្លូវពីក្រោយម៉ូតូសណ្ដោងគ្នាដែលជាម៉ូតូគ្នារបស់ជនសង្ស័យ។

ខណៈនោះជនសង្ស័យគិតថា ឈ្មោះហេង សុឈីត នោះ វាយគ្នារបស់ខ្លួនដែលជិះម៉ូតូសណ្ដោងម៉ូតូគ្នានោះ ក៏ចុះពីម៉ូតូកាន់កាំបិតដែលដាក់តាមម៉ូតូមកជាមួយ រត់ដេញតាមឈ្មោះហេង សុឈីត ហើយស្រែកថា «អាណាវាយគ្នាអញ»។

ភ្លាមនោះជនរងគ្រោះឈ្មោះហេង មុន្នី ដែលអង្គុយហូបបាយក្រោមផ្ទះ បានដើរចេញពីក្រោមផ្ទះ ត្រូវបានជនសង្ស័យកំពុងរត់ដេញតាមឈ្មោះហេង សុឈីត បានជួបជនរងគ្រោះ។ ពេលឃើញភ្លាមជនសង្ស័យ ក៏បានកាប់ជនរងគ្រោះនឹងកាំបិតតែម្ដង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកមកអធិការដ្ឋានប៉ូលិសស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង