ល្អខ្លាំងណាស់! រដ្ឋបាលស្រុកបន្ទាយស្រី កំពុងសាកល្បងរៀបចំគម្រោងធ្វើស្រែដើម្បីប្រយោជន៍រួមមួយ នៅលើផ្ទៃដីស្រែជិត ៤០ ហិកតាដើម្បីផលិតជាអង្កររួម ទុកចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រខ្លាំងនៅក្នុងស្រុក

រដ្ឋបាលស្រុកបន្ទាយស្រី កំពុងសាកល្បងរៀបចំគម្រោងធ្វើស្រែដើម្បីប្រយោជន៍រួមមួយ នៅលើផ្ទៃដីស្រែជិត ៤០ ហិកតានៅក្នុងឃុំព្រះដាក់ ក្នុងគោលបំណងគៀងគរធនធានរួម ដើម្បីផលិតជាអង្កររួម ទុកចែកជូនដល់ប្រជាពលរដ្ឋទីទ័លក្រខ្លាំងនៅក្នុងស្រុក ។ នេះបើតាមទំព័រហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៅថ្ងៃទី ១៤ មេសា ២០២០ នេះ ។លោកបានឱ្យដឹងថា ក្នុងកាលៈទេសៈដែលការរីករាលដាលនៃមេរោគកូវីដ១៩កំពុងតែជះហានិភ័យទៅដល់សេដ្ឋកិច្ចគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុក ជម្រើសល្អបំផុតមួយគឺការធានាឱ្យមានសុវត្ថិភាពស្បៀងអាហារ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ ជនពិការ និងចាស់ជរា ដែលងាយរងផលប៉ះពាល់ និងតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ប្រជាជនទាំង ៣៩ គ្រួសារ មកពីភូមិអូរទទឺងនិងភូមិថ្នល់ទទឹង បានយល់ព្រមជាគោលការណ៍ ផ្តល់ដីស្រែជិត ៤០ហិកតារបស់ពួកគាត់រហូតដល់ដំណាច់ឆ្នាំ ២០២០ ជូនរដ្ឋបាលស្រុកដំណើរការសាកល្បងគម្រោងមួយនេះ ។ បើមិនមានអ្វីប្រែប្រួលទេ ៣ ខែទៀតយើងនឹងអាចទទួលបានផលពី«ស្រូវស្រាលដើមរដូវ»ជុំទី១ ដើម្បីចែកជូនទៅម្ចាស់ស្រែវិញផង(ក្នុងចំនួនប្រហាក់ប្រហែលនឹងធ្វើដោយខ្លួនឯង) និងសល់ប៉ុន្មានទុកចែកជូនប្រជាពលរដ្ឋគោលដៅផង មុននឹងសម្រេចបន្តជុំទី ២ទៀត ប្រសិនបើកាលៈទេសៈអំណោយផល។

ការធ្វើស្រែសមូហភាពនេះ នឹងប្រើប្រាស់ធនធានដែលមានស្រាប់ បូករួមនឹងការគៀងគរបន្ថែមពីសប្បុរសជន តាមរយៈការខ្ចីស្រែពីអ្នកស្រុកដែលស្ថិតនៅជិតប្រភពទឹកស្រាប់ ធ្វើស្រូវស្រាលដើមរដូវដោយប្រើប្រាស់ពូជថ្មី១០០ថ្ងៃ និងទទួលបានការឧបត្ថម្ភ ពូជស្រូវ ជី ម៉ាសុីនគ្រឿងចក្រ ប្រេង និងកំលាំងស្ម័គ្រចិត្តជួយស្ទូងនិងច្រូត។

ឃ្លាចុងក្រោយលោកអភិបាលស្រុកបានលើកឡើងថា «រួមធ្វើ រួមចំណាយ រួមប្រមូលផល រួមសុខរួមទុក្ខ ក្នុងគ្រាលំបាក ដោយមិនទុកអោយនរណាម្នាក់នៅក្នុងស្រុកដាច់ពោះឡើយ»

អត្ថបទដែលជាប់ទាក់ទង