ជនសង្ស័យជំនាញខាងឆបោកជាច្រើនករណី ពេលនេះត្រូវសមត្ថកិច្ចអាវុធហត្ថចាប់វាយខ្នោះហើយ

ភ្នំពេញ: នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងឆបោក ចំនួន៣ករណីផ្សេងគ្នា។

ជនសង្ស័យឈ្មោះ ម៉ម ពុធ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ទិញ-លក់រថយន្ត ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧ ផ្លូវលេខ៩ ភូមិត្រាំងដូនដី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា ខ្លួនពិតជាបានឆបោកចំនួន ៣ករណីពិតប្រាកដមែន

ករណីទី១៖ ឆបោករថយន្ត១គ្រឿងម៉ាក Toyota Pruis 2005 ពណ៌ទឹកប្រាក់ គ្មានផ្លាកលេខ (សន្លឹកពន្ធ) កាលពីអំឡុងខែកុម្ភ: ឆ្នាំ២០២០ ពីឈ្មោះ សុវណ្ណ ឈុន វិបុល ដោយមានឃ្លាំងលក់រថយន្តយីហោ ម៉ឹង សុផល មានទីតាំងស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ករណីទី២៖ បានឆបោករថយន្ត១គ្រឿងទៀតម៉ាក Toyota Pruis 2004 ពណ៌ប្រផេះ គ្មានផ្លាកលេខ (សន្លឹកពន្ធ) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ពីឈ្មោះ ឆោម ពៅ ។
ករណីទី៣៖ បានឆបោកក្រដាសពន្ធរថយន្តម៉ាក Toyota Pruis 2007 ពណ៌ទឹកប្រាក់ យកទៅដាក់បញ្ជាំកាលពីអំឡុងខែមីនា ឆ្នាំ២០២០ ពីឈ្មោះ ឃុត បញ្ញា ដែលជាអ្នកធ្វើការជាមួយគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង