សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យអាស៊ានចែករំលែកព័ត៌មាន បច្ចេកទេសសុខាភិបាល បទពិសោធន៍ ក្នុងការប្រឆំាងកូវីដ១៩ ក្នុងសហគមន៍

(ភ្នំពេញ)៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងប្រមុខដឹកនាំអាស៊ានបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសស្តីពីជំងឺកូវីដ តាមប្រព័ន្ធវីដូអូ (Video Conference ) នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ពីវិមានសន្តិភាព។

ក្នុងកិច្ចប្រជុំពិសេសនេះ សម្តេចតេជោ បានថ្លែងពីផលប៉ះពាល់ពីជំងឺកូវីដ១៩ ដោយបានលើកឡើងថាជំងឺបានមកដល់លឿន និងមានទំហំធំហើយកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ។ ជាក់ស្តែងការរីករាលដាលនៃជំងឺនេះ បាននិងកំពុងបង្កឲ្យមានផលប៉ះពាល់កាន់តែខ្លំាងដល់ការអភិវឌ្ឍរបស់អាស៊ានជារួម ដោយមិនត្រឹមតែប៉ះពាល់លើប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៍ប៉ះពាល់ដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឧស្សាហកម្ម ក៍ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ផងដែរ។

សម្តេចតេជោ បានគូសបញ្ជាក់ថាសម្រាប់កម្ពុជាកូវីដ១៩ កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការឆ្លងជាចង្កោមតូចៗ ដែលមួយផ្នែកធំនៃការឆ្លងគឺជាការនាំចូលជំងឺពីខាងក្រៅ។ ដូចប្រទេសដទៃនៅអាស៊ាន កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយបានចែកជាបីសមរភូមិ គឺទី១ ការទប់ស្កាត់មិនឲ្យមានការបន្តនាំជំងឺចូលកម្ពុជា ទី២ ទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និងទី៣ ការព្យាបាលអ្នកដែលបានឆ្លងជំងឺកូវីដ១៩។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានជម្រាបប្រមុខដឹកនាំអាស៊ាន ថាដើម្បីធានាប្រសិទ្ធភាពការងារក្នុងកម្រិតខ្ពស់បំផុត កម្ពុជាបានបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ១៩។

ដោយសារជំងឺកូវីដ១៩ ជាជំងឺថ្មី សម្តេចតេជោ ហ៊ុន សែនស្នើដល់អាស៊ានចាំបាច់លើកកម្ពស់ការចែករំលែកឲ្យបានទាន់ពេលវេលានូវឧត្តមានុវត្តន៍ ព័ត៌មាន និន្នន័យ ព្រមទំាងបច្ចេកទេស បទពិសោធន៍ និងចំណេះដឹងពាក់ព័ន្ធនិងវេជ្ជសាស្រ្តអំពីជំងឺនេះ ក្នុងការការពារ ទប់ស្កាត់ វិនិច្ឆ័យ ព្យាបាលនិងតាមដាន។ សម្តេចបន្តថាអាស៊ានត្រូវការការផ្តល់នូវការគំាទ្រឲ្យគ្នាទៅវិញទៅមក ដូចជាការចែករំលែកនូចឲវធនធាន បច្ចេកទេសនិងសមភារៈ បរិក្ខាវេជ្ជសាស្រ្ត ជាដើម។

សម្តេចបានមានប្រសាសន៍បន្តថា ក្នុងស្មារតីនេះកម្ពុជាវាយតម្លៃខ្ពស់ចំពោះការឯកភាពគ្នាបង្កើត”មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩” ដើម្បីឆ្លើយតបនឹងតម្រូវការចំាបាច់នានា រួមមានក្នុងផ្នែកបរិក្ខារ និងផ្នែកសុខាភិបាលជាដើម។

សូមជម្រាបថានៅក្នុងជំនួបមេដឹកនាំអាស៊ាន តាមប្រព័ន្ធវីដេអូ (Video Conference ) នៅថ្ងៃទី១៤ ខែមេសា នេះ មានកិច្ចប្រជុំពីរ គឺកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីបញ្ហាចំពោះមុខគឺជំងឺកូវីដ១៩។ នេះជាព្រឹត្តិការណ៍ដ៍សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ានតាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេចក្នុងការរិៈរកកិច្ច សហប្រតិបត្តិការជាមួយដៃគូខាងក្រៅអាស៊ាននិងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ ដោយសារកូវីដ១៩។

សូមជម្រាបថាកិច្ចប្រជុំតាមប្រព័ន្ធវីដអូ ជាជម្រើសមួយ នៅក្នុងការបំពេញការងារជាសកលនៅក្នុងកាលៈទេសៈ ដែលពិភពលោកកំពុងវាយលុកដោយជំងឺកូវីដ១៩នាពេលនេះ៕ ៕

អត្ថបទដែលជាប់ទាក់ទង