គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកនឹងរង្វង់មូលព្រែកតាមាក់ តែសំណាងល្អពុំមានមនុស្សរងរបួសឡើយ

(កណ្តាល)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបើកបុកនឹងរង្វង់មូលព្រែកតាមាក់កើតឡើង នាថ្ងៃទី១៣ ខែមេសាឆ្នាំ២០២០ វេលាម៉ោង៦ព្រលប់ នៅត្រង់ចំណុចរង្វង់មូលព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តែសំណាងល្អពុំមានមនុស្សរងរបួសឡើយ។

បើយោងតាមមន្ត្រីប៉ូលីស បាននិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក HYUNDAI ធុនដឹកទំនិញពណ៌សពាក់ស្លាកលេខភ្នំពេញ 3C-7513 បើកបរដោយឈ្មោះ ឆាយ ឈីម ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិចុងបឹង ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង បើកបរក្នុងទិសដៅពីលិចទៅកើត ដោយរួមដំណើរឈ្មោះឆាយ ឈឿងភេទប្រុសអាយុ៣៥ ឆ្នាំនៅភូមិសង្កែរ ឃុំស៊ាងឃ្វាង ស្រុកកំចាយមារខេត្តព្រៃវែង។

លុះមកដល់ចំណុចកើតហេតុខាងលើ បានបែកបំពង់ទុយោខ្យល់ស្របពេលនោះរថយន្តនោះបានចុះពីលើស្ពានមកត្រើយខាងកើតបណ្ដាលឱ្យរេចង្កូត មកបុកនឹងរង្វង់មូលគល់ស្ពានព្រែកតាមាក់ស្ថិតនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល តែម្តង។ លោកបានបន្ថែមទៀតថា ទាំងអ្នកបើកបរ និងអ្នករួមដំណើរ មិនបណ្ដាលឱ្យមានរងរបួសធ្ងន់ធ្ងរទេ តែបណ្ដាលឲ្យបាក់កនាគចំនួន០១ (ដែលធ្វើអំពីថ្មម៉ាប) និងបាក់ខឿនរង្វង់បីថ្នាក់ធ្វើឱ្យប្រេះ និងបាក់បែក។

មន្ត្រីប៉ូលីសខាងលើ បានសន្និដ្ឋានថា អ្នកបើកបររថយន្តបង្កហេតុខាងលើបើកបរក្នុងល្បឿនលឿន ខ្ចីខ្ជាខ្វះការប្រុងប្រយ័ត្ន៕

អត្ថបទដែលជាប់ទាក់ទង