ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២០!

(ភ្នំពេញ)៖ បន្ទាប់ពីបានធ្វើការតាមដានការវិវត្តន៍ស្ថានភាពអាកាសធាតុជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២០ដូចខាងក្រោម៖

*ទី១៖ បាតុភូតសកល៖

*ផ្អែកទៅលើស្ថានភាពសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូត (Neutral) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់)។ ចាប់ពីខែមេសា រហូតដល់ខែតុលា ឆ្នាំ២០២០ (រយៈពេល ៦ខែ) បាតុភូតធម្មជាតិដែលមាន ឥទ្ធិពលមកលើអាកាសធាតុ ព្រះរាជាណាចក្រកម្ពុជាមាន៖ បាតុភូត Neutral មាន ៦០% បាតុភូត El Nino មាន១០% និងបាតុភូត La Nina មាន ៣០% នៅក្នុងខែតុលា។

*ទី២៖ រដូវវស្សាឆ្នាំ២០២០៖

ក-ដើមរដូវវស្សា៖ រដូវវស្សាឆ្នាំ២០២០ នឹងចូលមកដល់លឿនជាងឆ្នាំ២០១៩ ដែលជាប្រក្រតីភាពរដូវវស្សា តែងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរដែលស្មើ ឬលើមធ្យមភាគច្រើនឆ្នាំ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នឹងអាចបន្តកើតមានច្រើននៅក្នុងខែឧសភា និងខែមិថុនា

ខ-ពាក់កណ្តាលរដូវវស្សា៖ នៅក្នុងខែសីហា និងខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹងអាចបណ្តាល ឲ្យខេត្តមួយ ចំនួន ដែលមានភូមិសាស្រ្តនៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងតំបន់ជាប់នឹងផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀងដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់ផងដែរ។

គ-ចុងរដូវវស្សា៖

*បណ្តាខេត្តនៅតំបន់ខ្ពង់រាប៖ រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី២ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅមធ្យម។
*បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ៖ រដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៣ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរ

*ទី៣៖ កូនរដូវប្រាំង៖

*កូនរដូវប្រាំងអាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែកក្កដា រហូតដល់ដំណាច់
ខែកក្កដា ឆ្នាំ២០២០។

*ទី៤៖ ស្ថានភាពព្យុះ៖

*នៅក្នុងឆ្នាំ២០២០នេះ អាចនឹងមានព្យុះកើតឡើងប្រមាណពី ២៤-២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងពី ៤-៥ ព្យុះ ដែលកើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង