ជនសង្ស័យជាមុខសញ្ញាលួចឆក់យ៉ាងសកម្មចំនួន០២នាក់ ត្រូវសមត្ថកិច្ចក្របួចជាប់ ក្រោយពួកគេធ្វើសកម្មភាពលួចឆក់បានសម្រេចបីលើកជាប់គ្នានៅអំឡុងពាក់កណ្តាលដើមខែមេសានេះ

(បាត់ដំបង)៖ ជនសង្ស័យជាមុខសញ្ញាលួចឆក់យ៉ាងសកម្មចំនួន០២នាក់ ត្រូវសមត្ថកិច្ចក្របួចជាប់ ក្រោយពួកគេធ្វើសកម្មភាពលួចឆក់បានសម្រេចបីលើកជាប់គ្នានៅអំឡុងពាក់កណ្តាលដើមខែមេសានេះ។

បើយោងតាមលោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ដោយមានការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធី ពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កាលពីវេលាម៉ោងថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០នេះ លោកបានដឹកនាំកម្លាំងចុះនៅចំណុចភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២នាក់ ដែលជាប់ពាក់ព័ន្ធក្នុងករណី(ឆក់កាបូប) ។

លោកបន្តថាជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនមាន៖ ទី១. ឈ្មោះ អ៉ឹម រដ្ឋា ហៅ តយ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និងទី២. ឈ្មោះ លី សុភ័ក្រ ភេទប្រុស អាយុ ២៩ ឆ្នាំមានទីលំនៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ក្រោយធ្វើការឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យទាំង ០២ នាក់ខាងលើ នៅចំពោះមុខសមត្ថកិច្ចបានឆ្លើយសារភាពថា ពួកខ្លួនបានធ្វើសកម្មភាពលួចបានចំនួន០៣លើក ដែលលើកទី០១ កាលពីវេលាម៉ោងប្រហែល០៥និង០០នាទីទៀបភ្លឺ ខ្លួនបានធ្វើសកម្មភាព ឆក់កាបូប នៅចំណុចភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានលុយចំនួន ៤០ ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកអូប៉ូចំនួន០១គ្រឿង ។

លើកទី០២ នៅវេលាម៉ោងប្រហែល ១១និង៣០នាទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ខ្លួនបានធ្វើសកម្មភាពដដែល នៅចំណុចទួលប៉ោយចារ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បានលុយចំនួន ០៧ ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណចំនួន ២ សន្លឹក ។

និងលើកទី០៣ នៅវេលាម៉ោងប្រហែល០៣និង០០នាទីទៀបភ្លឺថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ ខ្លួនបានធ្វើសកម្មភាព លួចរទេះដឹកម៉ាស៊ីនកិនទឹកអំពៅ នៅចំណុចភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកប្រធានការិយាល័យបានបន្តថា ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានដកហូតវត្ថុតាងរួមមាន៖ រទេះដឹកម៉ាស៊ីនកិនទឹកអំពៅចំនួន០១ឈុត និងកាបូបពណ៌ខ្មៅដែលជនសង្ស័យធ្វើសកម្មភាពឆក់ចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង