Dele Alli សុំទោសចំពោះការថតវីដេអូ ចំអកវីរុសកូរ៉ូណារបស់ខ្លួន
Dele Alli កីឡាករក្លឹប Tottenham បានធ្វើឱ្យខ្លួននិងក្លឹបទាំងមូល អាប់ឱនកិត្តិយស បន្ទាប់ពីរូបគេ ថតវីដេអូលេងសើចលើបណ្ដាញសង្គម អំពីវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី ណូវែល កូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ៨០០នាក់ទូទាំងពិភពលោក។ ក្រោយវីដេអូនេះត្រូវបានចែករំលែកដល់បណ្ដាញសង្គមចិន Weibo ខ្សែបម្រើកណ្ដាលសញ្ជាតិអង់គ្លេស បានធ្វើការសុំទោសនូវកំហុសរបស់ខ្លួន។
មានពាក់ម៉ាស់កីឡាករវ័យ២៣ឆ្នាំ បានស្ថិតនៅប្រលានយន្តហោះ អំឡុងពេលសម្រាក Premier League នារដូវរងា។ កាមេរ៉ាបានភ្ជង់ទៅកាន់បុរសអាស៊ីម្នាក់នៅកន្លែងចេញដំណើរ បន្ទាប់មកបែរកាមេរ៉ាទៅកាន់ដបលាងដៃជាមួយចំណងជើងថា “ជំងឺកូរ៉ូណាត្រូវតែរហ័សជាងទើបអាចចម្លងខ្ញុំបាន”។
Dele Alli បានសុំទោស និងលប់វីដេអូមិនសមរម្យនេះចេញវិញភ្លាមៗផងដែរ ក្រោយវាត្រូវបានគេចែករំលែកលើបណ្ដាញសង្គមចិន Weibo។
រូបគេនិយាយថា៖” ខ្ញុំសុំទោសចំពោះវីដេអូ ដែលខ្ញុំបង្ហោះលើ Snapchat កាលពីម្សិលមិញ។ វាមិនមែនជារឿងលេងសើចទេ។ ផ្ញើក្ដីស្រលាញ់ គំនិត និងការអធិដ្ឋានរបស់ខ្ញុំចំពោះអ្នករាល់គ្នាក្នុងប្រទេសចិន”។
យោងតាម CNN មនុស្សជាង៨០០នាក់បានស្លាប់ ជុំវិញពិភពលោកដោយជំងឺកូរ៉ូណា និងជាង ៣៧ ០០០នាក់ បានឆ្លងវីរុសនេះ។ វាបានកើតឡើងដំបូងក្នុងប្រទេសចិន និងបានរីករាលដាលដល់ប្រទេស ២៨ផ្សេងទៀត ហើយវាក៏បានប៉ះពាល់ដល់វិស័យកីឡាបាល់ទាត់ផងដែរ។
ជាក់ស្ដែង Odion Ighalo កីឡាករថ្មីរបស់ Manchester United ដែលប្រកាសជាផ្លូវការចូលរួមជាមួយ Red Devils ពីក្លឹប Shanghai Shenhua ប្រទេសចិនកាលពីខែមករា ក៏មិនអាចធ្វើដំណើទៅជំរុំហ្វឹកហាត់ជាមួយក្រុមបានទេ ក្រោមហេតុផលខ្លាចរូបគេប៉ះពាល់ជាមួយវីរុសមួយនេះ៕