បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីបានបើករថយន្តបោះពួយយ៉ាងលឿន មិនប្រយ័ត្នរេចង្កូតទៅបុកដើមឈើ បណ្តាលឲ្យដាច់រថយន្តជា២

(ភ្នំពេញ)៖ នាយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពីបានបើករថយន្តបោះពួយយ៉ាងលឿន មិនប្រយ័ត្នរេចង្កូតទៅបុកដើមឈើ បណ្តាលឲ្យដាច់រថយន្តជា២ ដែលហេតុការណ៍ដ៏គួរឲ្យរន្ទត់នេះ បានកើតឡើង តាមបណ្តោយផ្លូវបុរីកាំកូស៊ីធី ស្ថិតក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

បើយោងតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆុន សាម៉ន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរធ្វើតុការ ស្នាក់នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ដោយឡេកបើយោងតាមប្រភពព៍ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ាតាមួយបាំងកន្លះ ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ2D-4130 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវបុរីអង្គរ។

ប្រភពដដែល បានបន្តទៀតថាលុះមកដល់ចំណុចកើតហេតុ ស្រាប់រតែរថយន្តខាងលើ រេចង្កូតជ្រុលទៅបុកដើមកាខ្ចា បណ្តាលឲ្យបោករថយន្តដាច់ជា២ ខណ:អ្នកបើកបររថយន្តគាបជាប់រថយន្ត រងរបួសយ៉ាងធ្ងន់ធ្ងរ។

ភ្លាមៗនោះក៏មានសមត្ថកិច្ចចុះមកដល់ ជួយទំនាក់ទំនងហៅរថយន្តសង្គ្រោះ ដើម្បីមកដឹកជនរងគ្រោះ យកទៅព្យាបាល ប៉ុន្តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ភ្លាមៗ នៅលើរថយន្តតែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះ សមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារសាច់ញសតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក សមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក៕

អត្ថបទដែលជាប់ទាក់ទង