លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌ របស់​សាខា ចុះសួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទើប​មកពី​ចំណាកស្រុក​​ ​ប្រទេស​ថៃ និង​កូរ៉េ​

(​ស្វាយរៀង​)៖​នា​ព្រឹក​ថ្ងៃ​សុក្រ ៣​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​និង​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២០​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តស្វាយរៀង ព្រមទាំង​សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​សាខា អនុសាខា បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌ របស់​សាខា ចុះសួរសុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទើប​មកពី​ចំណាកស្រុក​ចំនួន​៣​នាក់ មកពី​ប្រទេស​ថៃ និង​កូរ៉េ​ដែល​កំពុងស្នាក់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ នៅ​មូលដ្ឋាន​។​

​លោក​បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ និង​សេចក្ដី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​ទ្វេ​តែងតែ​យកចិត្ត​ដាក់ ជួយ​ដល់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។ លោក​អភិបាលខេត្ត​ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​បានដាក់​ខ្លួន​ឱ្យដាច់​ដោយឡែក​នាពេលនេះ ត្រូវ​អត់ធ្មត់​ក្នុងការ​រស់នៅ​រហូត​គ្រប់​១៤​ថ្ងៃ ព្រោះ​ក្នុង​កាលៈទេសៈ​នេះ គឺ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ Covid 19 ទៅកាន់​ក្រុមគ្រួសារ និង​អ្នក​ដ៏​ទៃ​ផ្សេងទៀត​ផងដែរ​។​

​ទ​ន្លឹ​ម​នេះ លោក​អភិបាលខេត្ត​ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​ពលករ​ដែល​មកពី​ចំណាកស្រុក ហើយ​ស្ម័គ្រចិត្ត​ដាក់​ខ្លួនឯង​ឱ្យនៅ​ដាច់ដោយឡែក​រយះពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​ថា មាន ឫ​គ្មាន​ជម្ងឺ​កូ​វីដ​១៩ និង​សូមអោយ​បងប្អូន​ពលករ​ត្រូវធ្វើ​អនាម័យ​ខ្លួនប្រាណ​ឲ្យ​បាន ជាប្រចាំ ប្រសិនបើ​មាន​អា​ការៈមិន​ស្រួល ដូចជា​ក្អក ពិបាក​ដកដង្ហើម ឬ​មាន​បញ្ហា​ផ្សេងទៀត​ត្រូវរាយការណ៍ជូន អាជ្ញាធរ​មូលដ្ឋាន ឫ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដែល​នៅ​ជិត​បំផុត ។​អំណោយ​ដែល​ពលករ​ទាំង​៣​នាក់​ទទួលបាន ក្នុង​ម្នាក់ៗ អង្ករ ២៥ គ​.​ក្រ មី ១ កេស ទឹកស៊ីអ៊ីវ ៦ ដប ត្រីខ ១០ កំប៉ុង ក្រ​ម៉ា ១ សាប៊ូ ១ ដុំ ជែ​លលា​ង​សម្អាត​ដៃ ១ ដប ថវិកា ៥០,០០០ រៀល ៕

អត្ថបទដែលជាប់ទាក់ទង