ដោយសារវិបត្តិនៃមេរោគឆ្លងដ៏សាហាវ បានធ្វើឱ្យរដ្ឋាភិបាលបង្ខំចិត្តឈានដល់ចំណាត់ការបិទការបំលាស់ទីឆ្លងស្រុក និង ខេត្តទូទាំងប្រទេស

ជាគតិមួយសម្រាប់ពួកយើងគិតទាំងអស់គ្នា បើគ្មានកូវីដ ១៩ តើយើងអាចមកដល់ដំណាក់កាលមួយនេះបានទេ? ពិតណាស់មិនអាចទេ ប៉ុន្តែដោយសារវិបត្តិនៃមេរោគឆ្លងដ៏សាហាវមួយនេះ បានធ្វើឱ្យ

រដ្ឋាភិបាលបង្ខំចិត្តឈានដល់ចំណាត់ការបិទការបំលាស់ទីឆ្លងស្រុក និង ខេត្តទូទាំងប្រទេសនៅឱកាសបុណ្យចូលឆ្នាំថ្មីនេះ ។កាលរសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាបន្ទាន់មួយ ស្ដីពីការដាក់កំហិតក្នុងការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ។ តាមបទបញ្ជានោះបានបញ្ជាក់ថា ការបិទការធ្វើដំណើរទូទាំងប្រទេសនេះមានប្រសិទ្ធភាពចាប់ពីម៉ោង ២៤ ថ្ងៃទី ៩ មេសា ២០២០ រហូតដល់ម៉ោង ២៤ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ ។បន្ទាប់ពីបទបញ្ជានេះបានដាក់ចេញ គេឃើញនៅតាមគោលដៅមួយចំនួនគ្រប់ខេត្តគ្រប់ស្រុក និង ក្រុម មានការរៀបចំសមត្ថកិច្ចឈរជើងជាច្រើនដើម្បីអនុវត្តកិច្ចការនេះឱ្យមានប្រសិទ្ធភាព ក្នុងគោលបំណងតែមួយគឺថែរក្សាការពារសុវត្ថិភាព និង សុខភាពសាធារណៈ កុំឱ្យបងប្អូនមានការចល័តទីដែលអាចមានហានីភ័យឆ្លងជំងឺកូវីដ ១៩ ជាយថាហេតុ ។ក្នុងនោះដែរបើយើងងាកទៅមើលមន្រ្តីមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីតែចូលរួម និង ទប់ស្កាត់ការបំលាស់ទីរបស់បងប្អូន ពួកគាត់បានចុះទៅចំណុចគោលដៅទាំងយប់ ឈរជើងប្រចាំការរហូតដល់ថ្ងៃ ដោយមិនខ្លាចការនឿយហត់ទោះស្ថិក្រោមអាកាសធាតុបែបណាឡើយ ។ សួរថាតើគាត់ធ្វើបែបនេះដើម្បីអ្វី? ដើម្បីអ្នកណា? ចម្លើយតែមួយគត់គឺដើម្បីយើងទាំងអស់គ្នាមានសុវត្ថិភាព និង ចៀសផុតពីមេរោគឆ្លងដ៏សាហាវកូវីដ ១៩ ដែលវាកំពុងយាយីទូទាំងពិភពលោក និង ក្នុងប្រទេសកម្ពុជាយើងក៏កំពុងទទួលរងហានីភ័យនេះខ្លាំង ហើយបើសិនបងប្អួនមិនសហការគ្នាក្នុងគ្រានេះ នោះអាចនឹងមានស្ថានភាពរាលដាលដល់សហគមន៍ក៏ថាបាន ។សូមគិតថា ពួកគាត់ក៏មានគ្រួសារ និង មនុស្សជាទីស្រឡាញ់របស់ពួកគាត់ដែលត្រូវជួបជុំគ្នាដែរ ប៉ុន្តែដោយចង់ការពារសុខភាពសាធារណៈរបស់បងប្អូនជាធំ គាត់មិនខ្វល់ ឬ ខ្លាចការហត់នឿយអ្វីឡើយ ទោះយប់ថ្ងៃមិនរាឡើយ ។ ដូច្នេះសូមយល់ដល់ពួកគាត់ផង ហើយមកចូលរួមទាំងអស់គ្នា ដើម្បីកម្ពុជា និង ប្រជាជនកម្ពុជា គ្មានការរីករាលដាលកូវីដ ១៩ ៕

អត្ថបទដែលជាប់ទាក់ទង