ជនសង្ស័យ២នាក់ ជិះម៉ូតូ Scoopy មួយគ្រឿងឌុបគ្នា ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនមួយក្រុម កំពុងធ្វើដំណើរតាមកង់បីឥណ្ឌា

រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ជិះម៉ូតូ Scoopy មួយគ្រឿងឌុបគ្នា ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនមួយក្រុម កំពុងធ្វើដំណើរតាមកង់បីឥណ្ឌា តែមិនបានសម្រេច ហើយនាំគ្នាជិះរត់គេចខ្លួន ក៏ត្រូវបានកម្លាំងល្បាតការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កំពុងល្បាតប្រទះឃើញ ចេញជួយអន្តរាគមន៍ប្រដេញតាមបង្ក្រាបឃាត់ខ្លួនជនសង្ស័យ បានចំនួន២នាក់ រួចបញ្ជូនទៅធ្វើការសាកសួរភ្លាមៗ ។

ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃជនជាតិចិនធ្វើដំណើរតាមកង់បីឥណ្ឌា តែមិនបានសម្រច ធ្វើឡើងកាលពីវេលាម៉ោង០៧:៣០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលេខ៦៣ កែង២៨៨ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទាំង២នាក់នោះមានឈ្មោះដូចជា ទី១.ឈ្មោះ ចាន់ សុខហេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ៣២ ផ្លូវ៨១ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ លី ជាម៉ាន់ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវសុកហុក សង្កាត់អូរឬស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នេះជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃចំនួន ៣លើក ក្នុងទឹកដីខណ្ឌបឹងកេងកង បានសម្រេច ២លើក និងមិនបានសម្រច ១លើក។ សម្ភារដកហូត: ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី (Honda Scoopy) ពណ៌ទឹកដោះគោ សេរី២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CK-4733 ។

បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង