តោះមកដឹងពីប្រវត្តិកម្សត់​របស់ រាជិនី​សំឡេង​រៃ​មាស​ ​រស់​ ​សេរី​សុទ្ធា​​ ពេលចូល​ប្រឡូក​សិល្បៈ​ ​ជីវិត​គ្រួសារ​ ​និង​ ​មរណភាព​ ​របស់​រាជិនី​សំឡេង​រូប​នេះ!

ធ្លាប់តែ​ស្តាប់​ចម្រៀង​ពី​រោះ​ៗ​ជាច្រើន​បទ​របស់​រាជិនី​សំឡេង​រៃ​មាស​ ​រស់​ ​សេរី​សុទ្ធា​ ​ដែល​ស្តាប់​ហើយ​ធ្វើ​ឱ្យ​គ្រប់គ្នា​លង់​ស្លុង​អារម្មណ៍​អណ្តែត​អណ្តូង​ទៅតាម​អត្ថន័យ​នោះ​ ​ប៉ុន្តែ​ប្រិយមិត្ត​ធ្លាប់​បានដឹង​​ប្រវត្តិ​កំណើត​រហូត​ឈាន​ចូល​ប្រឡូក​សិល្បៈ​ ​ជីវិត​គ្រួសារ​ ​និង​ ​មរណភាព​ ​របស់​រាជិនី​សំឡេង​រូប​នេះ​ដែរ​ទេ​?​ ​នៅ​ថ្ងៃនេះ​ ​សូម​គាស់កកាយ​ ​ក៏ដូចជា​រំឭក​ប្រវត្តិ​ខ្លះ​ៗ​ ​ទាក់ទង​នឹង​កំពូល​តារាចម្រៀង​ស្រី​ល្បីឈ្មោះ​មិន​ចេះ​សាបសូន្យ​ ​អ្នកស្រី​ ​រស់​ ​សេរី​សុទ្ធា​ ​មក​បង្ហាញ​ ​ដើម្បី​ទុកជា​ការ​ចងចាំ​មួយ​ចំពោះ​អ្នកស្រី​ ​។

អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​មានឈ្មោះ​ដើម​ ​រស់​ ​សុទ្ធា​ ​ហៅ​រៃ​ ​រី​ឯ​ឈ្មោះ​ ​សិរី​ ​នៅ​កណ្ដាល​នោះ​គឺជា​ឈ្មោះ​ថែម​តាម​ក្រោយ​ ​។​ ​បន្ទាប់ពី​ឈប់​រៀន​ ​អ្នកស្រី​បាន​ទៅ​ចាប់​អាជីព​ជា​អ្នកចម្រៀង​ ​តាំងពី​ពេលនោះ​មក​ប្រជាជន​ខ្មែរ​គ្រប់រូប​ស្គាល់​អ្នកស្រី​ថា​ ​រស់​ ​សិរី​សុទ្ធា​ ​។​ ​បើ​តាម​វេ​ប​សាយ​វី​គី​ភី​ឌា​ ​បានឱ្យ​ដឹង​ថា​ ​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​បាន​កើត​នៅ​ថ្ងៃសុក្រ​ ​ខែកត្ដិក​ ​ឆ្នាំច​ ​ត្រូវ​នឹង​ថ្ងៃទី​ ​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​១៩៤៦​ ​នៅ​ភូមិ​ដំណាក់​ហ្លួង​ ​ឃុំ​វគ្គ​គរ​ ​ស្រុក​បាត់ដំបង​ ​ខេត្តបាត់ដំបង​ ​។​

​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​មាន​ឪពុក​ជា​អតីត​នាយទាហាន​ជើង​ក្រហម​ ​សម័យ​អាណានិគម​បារាំង​ ​ឈ្មោះ​ ​រស់​ ​ប៊ុ​ន​ ​មាន​ស្រុកកំណើត​នៅ​ភូមិ​ចង្វា​រៀល​ ​ឃុំ​រលាំង​នាគ​ ​ស្រុក​កំពង់​ត្រា​ឡាច​ ​ខេត្ត​កំពង់ឆ្នាំង​ ​ហើយ​ទទួលមរណភាព​នៅ​អំឡុង​ឆ្នាំ​ ​១៩៩៥​ ​។​ ​រី​ឯ​ម្ដាយ​មាន​នាម​ថា​ ​ណាត់​ ​សា​មៀន​ ​មាន​ស្រុកកំណើត​នៅ​ស្រុក​សង្កែ​ ​ខេត្តបាត់ដំបង​ ​ដោយ​ទទួល​មរណកាល​នៅ​សម័យ​ខ្មែរក្រហម​ ​។​ ​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​ជា​កូន​ទី​ ​៤​ ​ក្នុងចំណោម​បងប្អូន​ទាំង​ ​៥​ ​នាក់​ ​(​ស្រី​ ​៤​ ​នាក់​ ​និង​ ​ប្រុស​ម្នាក់​)​ ​។

អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​ត្រូវ​បាន​មហាជន​ស្គាល់​ជាតា​រា​ចម្រៀង​ខ្មែរ​ដ៏​ល្បីល្បាញ​បំផុត​ ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​ ​៦០​ ​និង​ ​៧០​ ​ហើយ​អ្នកស្រី​ជា​ដៃគូ​ចម្រៀង​ជើងឯក​ ​និង​ ​យ៉ាង​ឆ្នើម​បំផុត​របស់​អធិរាជ​សំឡេង​មាស​លោក​ ​ស៊ីន​ ​ស៊ីសាមុត​ ​។​ ​នៅ​អំឡុង​ឆ្នាំ​ ​១៩៦៣​ ​យុវនារី​ ​សុទ្ធា​ ​វ័យ​ ​១៦​ ​ឆ្នាំ​ ​បាន​ទទួល​រង្វាន់​ពានមាស​លេខមួយ​ប្រចាំ​ខេត្ត​ ​ក្នុង​ឱកាស​ពិធី​ប្រឡង​ចម្រៀង​ពេល​បុណ្យចូលឆ្នាំ​ ​។​ ​ក្រោយពេល​បាន​មកដល់​ក្រុងភ្នំពេញ​ដំបូង​ ​នៅ​ចុងឆ្នាំ​ ​១៩៦៧​ ​យុវតី​ ​សុទ្ធា​ ​បាន​ចូល​បំរើ​ជា​អ្នក​ចំរៀង​ក្នុង​ក្រុម​តន្រ្តី​យោធា​ភិរម្យ​នៃ​ក្រសួងឃោសនាការ​ ​ហើយ​បាន​ចេញ​សម្តែង​ជា​សាធារណៈ​ញឹកញាប់​ជា​ដៃគូ​សំនៀង​របស់​លោក​ ​អ៊ឹម​ ​សុង​សឹម​ ​ដែល​តែងតែ​ជ្រោមជ្រែង​ ​និង​ ​ណែនាំ​ផ្លូវ​ជីវិត​យ៉ាង​កក់ក្តៅ​ដល់​រូប​នាង​ ​។​
​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​បាន​ចាប់ដៃ​គូ​ជាច្រើន​ដើម្បី​ច្រៀង​ ​ប៉ុន្តែ​នៅទីបំផុត​អ្នកស្រី​បាន​ជួបនឹង​អធិរាជ​សំឡេង​មាស​ ​ស៊ីន​ ​ស៊ីសាមុត​ ​ហើយ​ជីវិត​របស់​អ្នកស្រី​កាន់តែ​លេចធ្លោ​លើ​វិថី​សិល្បៈ​ ​។​ ​នៅ​ឆ្នាំ​ ​១៩៦៩​ ​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​បាន​ទទួល​គោរមងារ​ពី​ព្រះមហាក្សត្រ​ខ្មែរ​ថា​ជា​រាជ​នី​សំនៀង​មាស​ប្រចាំ​ប្រទេស​កម្ពុជា​ ​។​ ​ទោះបីជា​ជោគជ័យ​លើ​វិថី​សិល្បៈ​ ​ប៉ុន្តែ​ក្នុង​ជីវិត​គ្រួសារ​ ​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​ហាក់​មិន​សមប្រកប​ឡើយ​ ​ដោយ​អ្នកស្រី​បាន​ជួប​ប្ដី​មិន​គាប់ប្រសើរ​ ​វាយដំ​លើ​រាងកាយ​រហូតដល់​រលូតកូន​ក្នុង​ផ្ទៃ​ ​ហើយ​ចំណង​អាពាហ៍​ពិពាហ៍​ក៏បាន​ដាច់ដោច​ ​។​ ​មកដល់​ចុងឆ្នាំ​ ​១៩៦៩​ ​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​បាន​សាង​ស្នេហ៍​ជាមួយ​កំលោះ​ឈ្មោះ​ ​ហ៊ុយ​ ​ស៊ី​ផាន់​ ​ជា​កូនប្រុស​របស់​ថៅកែ​ ​វណ្ណ​ច័ន្ទ​ ​ម្ចាស់​ផលិតកម្ម​ថាស​ចម្រៀង​ដ៏​ល្បីល្បាញ​ជំនាន់​នោះ​ ​រួច​បាន​រៀបការ​រស់នៅ​ក្នុង​ជីវិត​គ្រួសារ​យ៉ាង​ ​សុខសាន្ដ​ ​មាន​សុភមង្គល​ ​។​

មិនយូរ​ប៉ុន្មាន​ដោយសារ​ប្រទេស​ធ្លាក់​ក្នុង​សម័យ​ខ្មែរក្រហម​ ​គ្រួសារ​របស់​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​បាន​បាក់បែក​ខ្ចាត់ខ្ចាយ​គ្នា​ ​ស្លាប់​កូន​ ​ស្លាប់​ប្តី​ ​និង​ ​បងប្អូន​ ​ហើយ​ស្ថិត​ក្នុង​សង្គម​ពោរពេញ​ដោយ​ក្តី​អួរ​អាប់​នេះ​ ​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​បាន​ទទួលរង​ការឈឺចាប់​យ៉ាង​ខ្លាំង​ ​។​ ​នៅ​ឆ្នាំ​ ​១៩៧៧​ ​វេលា​ចូលឆ្នាំ​ខ្មែរ​ ​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​ត្រូវ​បាន​អង្គការ​បដិវត្តន៍​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​យោធា​មួយ​រូប​ពិការ​ដៃ​ម្ខាង​ឈ្មោះ​ ​សមមិត្ត​ត្រោក​ ​ជា​កង​កម្មាភិបាល​ជាន់ខ្ពស់​មួយ​រូប​របស់​អង្គការ​ ​ប៉ុន្ដែ​ជីវិត​អាពាហ៍​ពិពាហ៍​ថ្មីនេះ​ ​មិនបាន​នាំ​សុភមង្គល​ដល់​អ្នកស្រី​នោះ​ទេ​ ​ដោយ​អ្នកស្រី​ត្រូវ​រង​អំពើ​ហិង្សា​វាយដំ​ ​ដោយសារ​ការ​ប្រចណ្ឌ​នៅពេល​អ្នកស្រី​ទទួលការ​សរសើរ​ ​ពេល​ឡើង​ច្រៀង​នៅ​អង្គ​មីទីង​របស់​អង្គ​កា​រម្តងៗ​ ​។​

​ដោយសារ​អ្នកស្រី​តាំងចិត្ត​អត់ធ្មត់​មិនបាន​ ​ព្រោះ​ត្រូវ​ស្វាមី​វាយដំ​ជេរប្រទេច​ច្រើនហួស​ប្រមាណ​ក៏​តបត​ដោយ​សំ​ដី​ខ្លះ​ៗ​ ​ជាហេតុ​បណ្តាល​ឱ្យ​អង្គការ​ចាប់​យក​ទៅ​អប់រំ​ ​និង​ ​ដាក់ទោស​បញ្ជូន​ឱ្យទៅ​ធ្វើការ​នៅ​ភូមិ​មួយផ្សេងទៀត​ ​នៅ​រវាង​ពាក់កណ្តាល​ឆ្នាំ​ ​១៩៧៧​ ​។​ ​ចាប់តាំងពី​ថ្ងៃ​នោះ​មក​គ្មាន​នរណា​ម្នាក់​បានដឹង​ដំណឹង​ពី​អ្នកស្រី​ទៀត​ឡើយ​ ​។​ ​តាម​ឯកសារ​ខ្លះ​ថា​ ​រាជ​នី​សំនៀង​រៃ​មាស​ ​អ្នកស្រី​ ​រស់​ ​សិរី​សុទ្ធា​ ​ដែល​បាន​បាត់ខ្លួន​នៅក្នុង​អំឡុង​ចុងឆ្នាំ​ ​១៩៧៧​ ​នោះ​ ​ត្រូវ​បាន​គេដាក់​ការសង្ស័យ​ថា​ទំនងជា​ស្លាប់​នៅក្នុង​សម័យ​ខ្មែរក្រហម​ ​ប៉ុន្ដែ​ខ្លះ​ថា​អ្នកស្រី​បាន​ស្លាប់​នៅក្នុង​អំឡុង​ឆ្នាំ​ ​១៩៨០​ ​ដោយសារ​ជំងឺមហារីក​បំពង់ក​ ​៕

អត្ថបទដែលជាប់ទាក់ទង