លោកសង្ឃមួយអង្គ បានយកទង់ជាតិដងដែកឡើងដោតលើកំពូលខ្លោងទ្វារ ផ្លូវចូលវត្តពោធិ៍អណ្តែត បណ្តាលឱ្យប៉ះខ្សែភ្លើងឆក់ចរន្តអគ្គិសនីធ្លាក់ពីលើខ្លោងទ្វារវត្តមកលើថ្នល់ សុគតភ្លាមៗ

(កណ្តាល)៖ លោកសង្ឃមួយអង្គចំណោមលោកសង្ឃ៤អង្គបានយកទង់ជាតិដងដែកឡើងដោតលើកំពូលខ្លោងទ្វារ ផ្លូវចូលវត្តពោធិ៍អណ្តែត បណ្តាលឱ្យប៉ះខ្សែភ្លើងឆក់ចរន្តអគ្គិសនីធ្លាក់ពីលើខ្លោងទ្វារវត្តមកលើថ្នល់ សុគតភ្លាមៗនៅថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះជាលោកសង្ឃ ព្រះនាម លីសុខឃីម(ជុក)ព្រះជន្ម ២៨ វស្សា គង់នៅវត្តពោធិ៍អណ្តែត ស្ថិតនៅភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល សុគត(ស្លាប់)។

ប៉ូលិសបន្តថា ដំបូងលោកសង្ឃព្រះនាម លី សុខឃីម(ជុក) និងលោកសង្ឃ៣អង្គទៀតបាននាំគ្នាមកដោតទង់ជាតិ នៅលើក្លោងទ្វារវត្តពោធិ៍អណ្តែត ហើយព្រះសង្ឃព្រះនាមលីសុខឃីម(ជុក) បានយកទង់ជាតិមួយដើមធ្វើពីដែកឡើងទៅលើកំពូលក្លោងទ្វារកម្ពស់០៩ម៉ែត្រ(ប្រាំបួនម៉ែត្រ)ដើម្បីដោត។ ពេលនោះដងទង់ជាតិដែលធ្វើពីដែកបានប៉ះជាមួយខ្សែភ្លើងបណ្តាលឱ្យឆក់រួចធ្លាក់ចុះមកក្រោម បណ្តាលឱ្យសុគតនៅកន្លែងកើតហេតុតែម្តង។ក្រោយពីបានទទួលព័ត៌មានភ្លាមកម្លាំងប៉ូលិសប៉ុស្តិ៍ត្រើយស្លា បានចុះដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញពិនិត្យហេតុស្រុក និងគ្រូពេទ្យក្រុមប្រឹក្សាឃុំមេភូមិធ្វើការពិនិត្យ សាកសពឃើញថាពិតជា សុគតដោយសារឆក់ចរន្តអគ្គិសនីហើយធ្លាក់មកលើផ្លូវកៅស៊ូពិតមែន។ក្រោយពិនិត្យរួចព្រះសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង