ទើបមកធ្វើការនៅអគារការដ្ឋានរបស់ក្រុមហ៊ុន CAM PANIT មិនទាន់បានមួយថ្ងៃស្រួលផង ស្រាប់តែធ្លាក់ពីលើអគារជាន់ទី៣ របួសយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយបុរសម្នាក់ ទើបមកធ្វើការនៅអគារការដ្ឋានរបស់ក្រុមហ៊ុន CAM PANIT មិនទាន់បានមួយថ្ងៃស្រួលផង បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលកំពុងធ្វើការសង្ស័យងងឹតមុខ ធ្លាក់ពីលើអគារជាន់ទី៣ បណ្តាលឲ្យបោកក្បាលជាមួយកែងជ្រុងថ្មនៅខាងក្រោម របួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចអគារការដ្ឋានកំពុងសាងសង់ របស់ក្រុមហ៊ុន CAM PAINT ថ្នាំពណ៌ជាតិ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតដល់ម៉ោង២និង៣០នាទីទើបកម្មករធ្វើការជាមួយគ្នាបានឃើញ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង។

ជនរងគ្រោះឈ្មោះ សឿ កួន ភេទប្រុស អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិប៉ោយស្មាច់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ទើបតែមកធ្វើការនៅទីតាំងការដ្ឋានសំណង់អគាររបស់ក្រុនហ៊ុន CAM PAINT ខាងលើនេះទើបតែបានមួយថ្ងៃតែប៉ុណ្ណោះ ពោលគឺបាននាំប្រពន្ធនិងកូនស្រុកមានគ្នា៣ នាក់ចេញពីខេត្តសៀមរាប មកការដ្ឋានខាងលើនេះកាលពីថ្ងៃសៅរ៍ហើយចាប់ផ្ដើមធ្វើការនៅថ្ងៃអាទិត្យនេះ ។

បើតាមប្រភពព័ត៌មានពីកម្មករដែលធ្វើការនៅទីតាំងកើតហេតុ ក៏ដូចជាសាច់ញាតិរបស់ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងធ្វើការនៅលើអគារជាន់ទី៣ របស់ក្រុមហ៊ុន CAM PAINT ពេលនោះសង្ស័យតែជនរងគ្រោះងងឹតមុខ ទើបបណ្តាលឲ្យធ្លាក់ពីលើអគារជាន់ទី៣ ចុះមកក្រោមបោកក្បាលនឹងជ្រុងកែងថ្មនៅខាងក្រោម រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យសួគាទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ លុះបានប្រហែលកន្លះ ម៉ោងទៅ១ម៉ោងក្រោយ ទើបមានកម្មករផ្សេងទៀតដែលដែលធ្វើការជាមួយគ្នា មិនឃើញជនរងគ្រោះទើបដើររកមើលនឹងអឺតមើលក៏ឃើញជនរងគ្រោះធ្លាក់ចុះទៅខាងក្រោមទៅហើយ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ និងធ្វកោសល្យវិច័យនៅទីតាំងកើតហេតុ។

ក្នុងនោះ បើតាមប្រពន្ធព័ត៌មានពីកម្មករឈ្មោះសុខ ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ បានអោយដឹងថ មុនពេលកើតហេតុ គាត់បានឡើងទៅជាន់ទី៣ ដើម្បីធ្វើការ២នាក់ ។ ដោយពូ ឈ្មោះ អ៊ីង វណ្ណធឿន និងជនរងគ្រោះ ជាអ្នកធ្វើការខាងលាយកំបោរ ហើយប្រពន្ធខ្ញុំនិងប្រពន្ធពូដេកលក់នៅជាន់ខាងក្រោម ។ លុះមួយសន្ទុះក្រោយមក ក៏មានឈ្មោះ សៀង ហៃ ក៏រត់ឡើងមកប្រាប់ពួកគាត់ថា ជនរងគ្រោះធ្លាក់ពីលើអគារតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋាននិងសមត្ថកិច្ចនគរបាលជំនាញបានចុះទៅពិនិត្យនៅទីតាំងកើតហេតុ ដោយបានធ្វើការសាកសួរព័ត៌មានលម្អិតបន្ថែមទៅកាន់កម្មករនិងអ្នកដែលបានឃើញហេតុការណ៍ ហើយជាលទ្ធផលបញ្ជាក់ថា គឺជនរងគ្រោះបានធ្លាក់ពីលើអគារដោយខ្លួនឯង សង្ស័យបណ្ដាលមកពីការងងឹតមុខ ហើយពេលនេះជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង