ជនសង្ស័យបន្ទាប់ពីប្រទះឃើញជិះម៉ូតូធំមួយគ្រឿង ម៉ាកXR (បិទស្លាកកងរាជអាវុធហត្ថ GRK) ត្រូវសមត្ថកិច្ចប្រដេញឃាត់បាន​រកឃើញកាំភ្លើងខ្លីមួយដើម និងថ្នាំញៀន២កញ្ចប់

រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមគ្នា ២នាក់ បន្ទាប់ពីប្រទះឃើញជិះម៉ូតូធំមួយគ្រឿង ម៉ាកXR (បិទស្លាកកងរាជអាវុធហត្ថ GRK) ឌុបគ្នាតាមផ្លូវ ជួបកម្លាំងល្បាតពួនស្ទាក់ មានការសង្ស័យ ព្រោះមើលទៅមិនសមជាសមត្ថកិច្ចឡើយ ទើបឃាត់សួរនាំសុំត្រួតពិនិត្យសិន តែមិនព្រមសហការ បែរជាព្យាយាមជិះគេចខ្លួន តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចប្រដេញឃាត់បានដដែល រួចសុំធ្វើការត្រួតពិនិត្យ ជាក់ស្ដែងរកឃើញកាំភ្លើងខ្លីមួយដើម និងថ្នាំញៀន២កញ្ចប់ទៀត ចំណែកអ្នកជិះពីក្រោយម្នាក់ទៀត រត់បំបុកសមត្ថកិច្ចឡើងលើរបងចូលផ្ទះប្រជាពលរដ្ឋគេចខ្លួនបាត់ ផ្អើលប្រជាពលរដ្ឋទាំងយប់ ភ្លាមៗនោះសមត្ថកិច្ចឡោមព័ទ្ធ រុករកតែរកមិនឃើញឡើយ ។

ការឃាត់ខ្លួនខាងលើនេះធ្វើឡើងកាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ១០០៣ នៅចំណុចជិតសាលាអាយយូ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមសម្ដីមន្ត្រីនគរបាលខណ្ឌសែនសុខបានរៀបរាប់ប្រាប់ថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញ និងបញ្ជាពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យកម្លាំងប៉ុស្តិ៍ទាំង៦ និងគ្រប់ផ្នែកសហការគ្នា ជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្នានខណ្ឌសែនសុខ បង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទើបកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងប៉ុស្តិ៍ភ្នំពេញថ្មី ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស បានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូធំមួយគ្រឿង ម៉ាកXR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BB-4863 និងមានបិទស្លាកសញ្ញា(Sticker) កងរាជអាវុធហត្ថ GRK នៅជាប់ក្បាលម៉ូតូ តែមើលទៅមិនទំនងជាកម្លាំងសមត្ថកិច្ចឡើយ ទើបមានការសង្ស័យ ក៏ប្រដេញតាមឃាត់សួរនាំ តែមិនព្រមឈប់ឡើយ បែរជាព្យាយាមបើករត់គេចខ្លួន តែត្រូវកម្លាំងឃាត់បានដដែល ហើយត្រួតពិនិត្យឆែកឆេរ ក្នុងកាបូបស្ពាយរបស់អ្នកបើកម៉ូតូ ឃើញមានកាំភ្លើងខ្លីមួយដើម និងថ្នាំញៀន២កញ្ចប់ថែមទៀត ទើបធ្វើការឃាត់ខ្លួនចាប់ដាក់ខ្នោះតែម្ដង ចំណែកឯជនសង្ស័យម្នាក់ទៀតជាអ្នកជិះពីក្រោយឃើញដូច្នេះ បែរជាស្ទុះរត់បំបុកសមត្ថកិច្ចអោយដួលហើយរត់សំដៅទៅឡើងផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ គេចខ្លួនបាត់ឈឹង ផ្អើលប្រជាពលរដ្ឋទាំងយប់ ភ្លាមៗនោះសមត្ថកិច្ចឡោមព័ទ្ធ រុករកតែរកមិនឃើញឡើយ ។ ចំណែកឯជនសង្ស័យដែលឃាត់ខ្លួនបានត្រូវបញ្ជូនទៅសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលភ្នំពេញថ្មីភ្លាមៗផងដែរ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេនិងបក្ខពួក ទើបតែធ្វើសកម្មភាពភ្ជុងប្លន់ យកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿង ពីជនរងគ្រោះម្នាក់ បានសម្រេច នៅចំណុចម្ដុំផ្សារមាន់អាំង ក្នុងខណ្ឌទួលគោក កាលពីល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ ហើយម៉ូតូដែលប្លន់បាននោះ ត្រូវបានបក្ខពួករបស់ខ្លួនជាអ្នកយកទៅលក់ ហើយនៅយប់កើតហេតុនេះ រូបគេនិងបក្ខពួក មានបំណងចេញធ្វើសកម្មភាពប្លន់ទៀត តែអំឡុងពេលជិះម៉ូតូឌុបគ្នាមកដល់ចំណុចខាងលើ ស្រាប់តែកម្លាំងនគរបាលខណ្ឌសែនសុខ ចេញប្រដេញតាម រហូតចាប់ខ្លួនរូបគេបាន និងដកហូតវត្ថុតាងដូចខាងលើផងដែរ ចំណែកបក្ខពួកគេម្នាក់ទៀត បានរត់គេចខ្លួនបាត់ហើយ ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសុំណំរឿងបន្តតាមនិតិវិធី។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង