ចប់ហើយ! ចាប់បានអាល់កុលក្លែងក្លាយ (មេតាណុល) ជិត ៦ម៉ឺនលីត្រ នៅខេត្តកណ្តាល និងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍ ១ទី០២ ខែមេសា ឆ្នាំ២០២០ នេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្ម នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អាជ្ញាធរដែនដី និងដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងខេត្តកណ្តាល និង លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំរថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប ចុះត្រួតពិនិត្យទីតាំងស្តុកអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ០២កន្លែង គឺ៖ ទីតាំងទី១ នៅផ្ទះលេខ១៨៨ ផ្លូវ១៣A ឃុំត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទីតាំងទី២ ស្ថិតនៅផ្ទះលេខ០២ ផ្លូវ០១A បុរីពិភពថ្មីកំបូល៣ ភូមិស្ងួងពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ក្រោយការត្រួតពិនិត្យ និងយោងលទ្ធផលវិភាគ អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៧៦៣ ប៊ីដុង និង ២២៤ ពុយ សរុបស្មើនឹង ៥៩,៤០២ លីត្រ ត្រូវបានព្រះរាជអាជ្ញារងសម្រេចឱ្យអគ្គនាយកដ្ឋានក.ប.ប. ធ្វើការដកហូតមករក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត។សូមជម្រាបផងដែរថារហូតមកដល់ពេលនេះ អគ្គនាយកដ្ឋាន ក.ប.ប. បានបើកយុទ្ធនាការបង្ក្រាប អាល់កុលក្លែងក្លាយ (មេតាណុល) សរុបបានចំនួន ៦៤,១៧៨ លីត្រ មករក្សាទុកដើម្បីអនុវត្តតាមនីតិវិធី។ អគ្គនាយកដ្ឋាន ក.ប.ប សូមអំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករលក់ដុំ និងលក់រាយទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងប្រឈមចំពោះមុខច្បាប់ថែមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង