វិភាគអន្តរជាតិ៖ អាមេរិក ចិន និងអាស៊ី បន្ទាប់ពីជំងឺឆ្លង មានតែភាពតឹងតែង មិនមែនធូរស្រាលទេ

(អន្តរជាតិ)៖ មានព្រឹត្តិការណ៍មិនច្រើនទេនៃសតវត្សកន្លងទៅ ដែលបានទាមទារឲ្យមានការដឹកនាំជាសកល និងក្នុងកម្រិតតំបន់ ហើយច្បាស់ណាស់គឺដូចជាករណីជម្ងឺឆ្លង កូវីដ១៩នេះតែម្តង ។ វាបានវាយប្រហារទាំងអ្នកមាន ទាំងអ្នកក្រ ទាំងអ្នកខ្លាំង ទាំងអ្នកខ្សោយ ។ វាបានធ្វើអោយឃើញច្បាស់ថា មនុស្សគ្រប់រូបនៅលើភពផែនដីមានភាពងាយរងគ្រោះទាំងអស់គ្នា ដោយគ្មានការលើកលែងអ្នកណាមួយឡើយ ។

ជាប្រពៃណី នៅក្នុងកាលៈទេសៈបែបនេះ សហរដ្ឋអាមេរិក នឹងបោះជំហានទៅមុខដើម្បីផ្តល់នូវការដឹកនាំ ដោយប្រើអំណាចដែលប្រទេសដទៃគ្មាន គឺសេដ្ឋកិច្ចក៏គ្មានគូប្រៀប ព្រមទាំងភាពខ្លាំងពូកែទាំងខាងយោធា និងខាងនយោបាយ ដើម្បីប្រមែប្រមូលធនធាន ហើយជំរុញការប្រឹងប្រែងជាអន្តរជាតិ នៅក្នុងទិសដៅរួមគ្នា។ រឿងទាំងនោះ មានដូចជាករណីបន្ទាប់ពីរលកស៊ូណាមីកនៅអាស៊ីអគ្នេយ៍ វិបត្តិហិរញ្ញវត្ថុសកល និងការផ្ទុះជម្ងឺ អ៊ីបូឡា នៅអាហ្វ្រិកខាងកើត។ សហរដ្ឋអាមេរិក បានមើលជាទូទៅលើការប្រឹងប្រែងទាំងនោះថាជាល្បែងវិជ្ជមានបូក ឬ ការរកនូវច្រកចេញកុំអោយខាតបង់ទាំងអស់គ្នា ដើម្បីដោះស្រាយការប្រឈមជាសកលជាមួយចិន ។ តែរឿងបែបនោះ លែងមានហើយ។

ពេលនេះ អ្នកគូសវាសគោលនយោបាយអាមេរិកជាច្រើន មើលទៅការសំរបសំរួលគ្នាជាមួយចិន ស្តីអំពីការឆ្លើយតបចំពោះ កូវីដ១៩ ថា ជាការសាកល្បងមួយដែលនឹងធ្វើអោយខូចខាតដល់ខ្លួនឯង នៅក្នុងការប្រកួតប្រជែងដែលមិនមាននរណាឈ្នះនេះ សំរាប់ការដឹកនាំជាសកល ។

មន្ត្រីចិនថ្នាក់កំពូល បានប្រដូចភាពជាដៃគូនៃសហរដ្ឋអាមេរិក ថាជាការមើលឃើញមិនឆ្ងាយ នៅពេលដែលពួកគេខំផ្សព្វផ្សាយនូវទ្រឹស្តីថា វីរុស COVID-19 កើតឡើងនៅប្រទេសចិន និងបានលើកហេតុផលថា ការឆ្លើយតបរបស់ក្រុងប៉េកាំងចំពោះការផ្ទុះជំងឺឆ្លងនេះ បង្ហាញពីឧត្តមភាពនៃប្រព័ន្ធអភិបាលកិច្ចរបស់ខ្លួន។ អាមេរិកបានប្រឹងប្រែងឃោសនាពីភាពគ្មានសន្តិសុខគ្រប់គ្រាន់ និងភាពខ្សោយរបស់ចិន ច្រើនជាងការឃោសនាពីកម្លាំងដែលខ្លួនមានទៅវិញ ។​ វាជាការរំលឹកអំពីការឆ្លើយតបគ្រាដំបូងរបស់ចិន ចំពោះការផ្ទុះឡើងវីរុសកូរ៉ូណានៅក្រុងវូហាន។ ដោយទទួលស្គាល់ពីហានីភ័យនៃកេរ្តិ៍ឈ្មោះរបស់ប្រទេសចិន ដែលត្រូវវាយប្រហារដោយអាមេរិក ក្រុមអ្នកឃោសនារបស់ចិន ក៏បានចាប់ផ្តើមសរសេរជាថ្មីអំពីរឿង កូវីដ១៩ ដោយដាក់មេដឹកនាំរបស់ខ្លួនឲ្យក្លាយទៅជាទីចាប់អារម្មណ៍ក្នុងចំណោមប្រជាជាតិលើលោក។

ជាវិបាក ប្រទេសដែលខ្លាំងក្លាបំផុតពីរនេះ ក៏ត្រូវជាប់ផុងក្នុងសង្គ្រាមឃោសនាវាយប្រហារគ្នាអំពីជម្ងឺឆ្លងរាតត្បាតនេះ និងការចែករំលែកគ្នានូវទំហំនៃការរិះគន់ សំរាប់ការបំផ្លាញសកលដែលជំងឺ COVID-19 បានបង្កឡើង ។ ការលើកហេតុផលទាំងនោះ នាំទៅដល់លទ្ធផលអវិជ្ជមានសំរាប់សហរដ្ឋអាមេរិក និងចិន ។ បើកាលណា ជំងឺឆ្លង COVID-19 កាន់តែរាតត្បាត និងធ្វើអោយអន្តរាយសេដ្ឋកិច្ច ប្រទេសទាំងពីរក៏នឹងកាន់តែរងគ្រោះជាមិនខាន ។

មន្ត្រីកំពូលសហរដ្ឋអាមេរិកជឿថា ពួកគេមានភាពចាំបាច់ខាងសីលធម៌ ដើម្បីបង្ហាញអំពីចំណងទាក់ទងគ្នារវាងការឆ្លើយតបនៅគ្រាដំបូងរបស់ចិន នៅវូហាន និងការឆ្លងរាលដាលសកលនៃវីរុស ។ កាលណា កូវីដ១៩ កាន់តែមានចរិតបំផ្លាញជាសកលខ្លាំងឡើង ការចោទប្រកាន់ពីទោសកំហុសក៏កាន់តែកើនខ្លាំងឡើងដែរ សំរាប់មន្ត្រីទាំងនោះ និងដោយហេតុនោះ ប្រព័ន្ធអភិបាលកិច្ចផ្តាច់ការរបស់ចិន ត្រូវតែមានការត្រួតពិនិត្យមើល ។

ការចោទប្រកាន់ទោសដោយស្មារតី អាចនឹងគួបផ្សំជាមួយភាពចាំបាច់ ខាងនយោបាយក្នុងប្រទេស ។ សហរដ្ឋអាមេរិក នឹងធ្វើការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកាខាងមុខ។ ដោយមានការធ្លាក់ចុះខាងសេដ្ឋកិច្ច និងការប្រឈមមុខនូវគ្រោះនៃភាពគ្មានការងារធ្វើ ដែលលោកបានសន្យាក្នុងពេលយុទ្ធនាការបោះឆ្នោត កាលពី៤ឆ្នាំមុន ពេលនេះ ក្រុមលោក ត្រាំ កំពុងទាញកំហឹងរបស់ប្រជាជនអាមេរិកឲ្យចង់កំហឹងទៅលើ «វីរុសចិន» វិញ ។

ការខិតខំនេះ កាន់តែបង្ហាញអោយឃើញច្បាស់ នៅក្នុងការទទូចដោយមិនបានជោគជ័យរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Mike Pompeo ដែលបានបញ្ចុះបញ្ចូលរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ដោយហៅ កូវីដ១៩ ថាជា “វីរុស វូហាន” នៅក្នុងសេចក្តីថ្លែងការណ៍ជាផ្លូវការ ហើយនៅក្នុងការណែនាំទិសដៅសំរាប់អ្នកការទូតសហរដ្ឋអាមេរិក ក៏បានធ្វើការកៀបសង្កត់រដ្ឋាភិបាលម្ចាស់ផ្ទះ អោយរិះគន់ការឆ្លើយតបរបស់ចិន ចំពោះការផ្ទុះវីរុសនោះ។ បើនិន្នាការបច្ចុប្បន្ននៅតែបន្ត ប្រាកដណាស់ថា យុទ្ធសាស្ត្រការទូតសហរដ្ឋអាមេរិកនៅអាស៊ី នៅក្នុងឆ្នាំខាងមុខ អាចនឹងត្រូវគ្របដណ្តប់តែនៅលើការឃោសនាដោយភាពទម្លាក់ការរិះគន់ឲ្យកាន់តែទូលំទូលាយ ទៅលើក្រុងប៉េកាំង ទៅលើប្រធានាធិបតី ស៊ី ជិនពីង និងបក្សកុម្មុយនិស្តចិនតែប៉ុណ្ណោះ ។

វាក៏នឹងមានការប្រឹងប្រែងបន្តទៀត ដើម្បីជម្រុញគំនិតផ្តើមនានា ដូចជា ការជំរុញអោយមានការពង្រឹងការចងក្រុមបួនភាគី គឺ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា រួមទាំងការពង្រឹងជំហរយោធារបស់សហរដ្ឋអាមេរិកនៅអាស៊ី។

ប្រសិនបើមានការគិតដូចនេះមែន វាអាចនឹងដាក់សហរដ្ឋអាមេរិកអោយដើរខុសសង្វាក់ជាមួយនឹងសភាពការណ៍ជាក់ស្តែងនៅគ្រប់ប្រទេសទាំងអស់ក្នុងតំបន់។ ទោះបីថា ដៃគូជាច្រើនរបស់អាមេរិករួមចិត្តគ្នាជាឯកជនក្នុងការរិះគន់អំពីអាកប្បករិយារបស់ចិនក៏ដោយ ក៏មិនមានច្រើនទេ ដែលវិនិច្ឆ័យថា វាជាផលប្រយោជន៍ជាតិរបស់ពួកគេ ដើម្បីនឹងចូលរួមក្នុងសង្គ្រាមពាក្យសំដីជាសាធារណៈបែបនេះ ។ ជាពិសេស បន្ទាប់ពីសេដ្ឋកិច្ចចិនវិលទៅមានកម្លាំងវិញ មុនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងអឺរ៉ុប ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន នឹងកាន់តែធំធេង ដែលបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ មិនអាចធ្វើមិនដឹងមិនលឺនោះឡើយ។

រឿងនេះ វានឹងនាំទៅដល់ការកើតមានការតានតឹងកាន់តែខ្លាំងឡើងនៅទូទាំងតំបន់ ដោយសារតែបញ្ហាជាប់ជំពាក់នានា ដូចជា ការហៅឈ្មោះជម្ងឺឆ្លងថាជា«វីរុសចិន»ឬ«វីរុសវូហាន» ការសំរេចចិត្តទាំងឡាយស្តីពីគំរោងគំនិតផ្តើមខ្សែក្រវាត់និងផ្លូវ ស្តង់ដាបច្ចេកទេសសំរាប់ការកសាង 5G ឬការបោះឆ្នោតសំរាប់បេក្ខជននានា អោយដឹកនាំភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដើម្បីក្លាយជាតំនាង គាំទ្រវិធានការ ឬមួយសំរាប់ក្រុងវ៉ាស៊ីនតោន ឬមួយសម្រាប់ក្រុងប៉េកាំង ។ ទោះបីថា អ្នកការទូតកំពូលនៃសហរដ្ឋអាមេរិក និងចិន អាចនឹងបន្តនិយាយដោយលែងមានន័យ អំពីការបង្ខំប្រ​ទេសនានាអោយជ្រើសរើសរវាងពួកគេក៏ដោយ ប៉ុន្តែការរក្សាគំលាតនៃបណ្តាប្រទេសអោយនៅអព្យាក្រិត្យ ក៏នឹងត្រូវរួញតូច ទៅតាមការសំរេចណាមួយ ដោយមានការប្រុងប្រ័យត្នបំផុត។

វានៅមិនទាន់ជាក់លាក់ទេថា តើក្រុងវ៉ាស៊ីនតោន នឹងបន្តដោយមិនកំណត់ពេលក្នុងការបង្កការប្រជែងកាន់តែខ្លាំងជាមួយក្រុងប៉េកាំងឬយ៉ាងណា។ រដ្ឋបាលណាមួយរបស់អាមេរិកនៅពេលអនាគត ត្រូវតែឲ្យអាទិភាពលើការអភិវឌ្ឍនៃយុទ្ធសាស្ត្រអាស៊ី សំរាប់ការដោះស្រាយបញ្ហាជាមួយចិន ជាជាងប្រមូលផ្តុំលើការប្រឈមមុខជាទ្វេភាគីជាមួយក្រុងប៉េកាំង។

វាក៏នៅមិនទាន់ច្បាស់ដែរថា តើចិននឹងនៅតែរក្សាជំហខាងក្រៅរឹងត្អឹងរហូតដោយមិនកំណត់ដែរឬយ៉ាងណា? តែសំរាប់ពេលនេះ សភាពជាក់ស្តែងគឺជាអ្វីដែលកំពុងតែកើតមាននេះហើយ។ ពាក់ក្រវ៉ាត់សុវត្ថិភាពទៅ ពីព្រោះអ្វីៗអាចនឹងកាន់តែធ្ងន់ធ្ងរ មុនពេលដែលវាត្រឡប់ទៅរកភាពស្រាកស្រាន្តវិញនោះ ៕

អត្ថបទដែលជាប់ទាក់ទង