ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពឆក់កាបូបលុយស្ត្រីម្នាក់បានសម្រេច

(បាត់ដំបង)៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពឆក់កាបូបលុយស្ត្រីម្នាក់បានសម្រេច។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងកិច្ចចុះប្រតិបត្តិការឃាត់ខ្លួនសង្ស័យករណីឆក់កាបូបលុយខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នៅចំណុចក្រុម២៣ ស្ថិតក្នុងភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ សាន់ លី ភេទប្រុសអាយុ៥៣ឆ្នាំ រស់នៅភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែខេត្តបាត់ដំបង បានធ្វើសកម្មភាពដោយជិះម៉ូតូ០១គ្រឿង ឆក់កាបូបជនរងគ្រោះឈ្មោះ ញ៉ ជ្រី ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចដកហូតបានសម្ភារៈ និងវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាពាក់ស្លាកលេខបាត់ដំបង 1AH.4465 -ប្រាក់ខ្មែរចំនួន ៣,១០០,០០០៛ (បីលានដប់ម៉ឺនរៀល) -ខោអាវប៉ារ៉ា០១កំភ្លេ, មួកខ្លុបពណ៌ស០១, កាបូបស្ពាយពណ៌ខ្មៅ០១, ទូរស័ព្ទដៃម៉ាកទ្រូ០១គ្រឿង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក។

ក្រោយពីបានឃាត់ខ្លួនជនសង្ស័យ និងសម្ភារ:វត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តការ សាកសួរដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង